តាកែវ ៖ រយៈពេល ៣ថ្ងៃមកនេះនគរបាលខេត្តតាកែវ រួមមានក្រុងដូនកែវ ស្រុកត្រាំកក់ ស្រុកបាទី និងស្រុកគិរីវង់ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន លើ៣ករណីផ្សេងគ្នា ក្នុងនោះឃាត់ខ្លួនមនុស្សសរុបចំនួន ០៦នាក់ដែលពាក់ព័ន្ធនិងការរក្សាទុកជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងមួយករណីទៀតនគរបាលស្រុកគីរីវង់ឡើងភ្នំកាប់តំណាំកញ្ឆាខុសច្បាប់ ។
តបតាមការឆ្លើយតប និងការប្តេជ្ញាចិត្តរបស់ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅក្នុងពិធីសន្និសីទសារព័ត៌មានកាលពីពេលកន្លងទៅនេះ ថានឹងទប់ស្កាត់បង្ក្រាបបោសសម្អាតឲ្យអស់ចំពោះបទល្មើសគ្រឿងញៀន ដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តតាកែវ ឲ្យដូចភ្លៀងរលឹម ក្នុងនោះដែរ ក៏មានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមអយ្យការសាលាតំបូងខេត្តតាកែវផងដែរ ។
ករណីទី១៖កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២០ បន្ទាប់ពីធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបទល្មើសគ្រឿងញៀន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូភី និងឃុំក្រាំងលាវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយករណី ធ្វើការឃាត់ ០៤នាក់ នៅពីរទីតាំងផ្សេងគ្នា (នៅភូមិសំរោង ឃុំសូភី និងនៅភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ) ។ ជនសង្ស័យខាងលើ មានទី១ ឈ្មោះ ចាន់ សុផាន់ណា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ (មុខសញ្ញាជួញដូរ) ទី២ ឈ្មោះ ហេង វ៉ាន់ដា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (មុខសញ្ញាជួញដូរ) ទី៣ឈ្មោះ កៅ សៀកឡុង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រាំខ្នារ ឃុំជម្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (មុខសញ្ញាជួញដូរសារធាតុញៀន) និងទី៤ ឈ្មោះ ពិន ណាវីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតវត្ថុតាងរួមមាន ៖ បានម្សៅក្រាមពណ៌សថ្លាចំនួន ២៧កញ្ចប់( តូច១៩កញ្ចប់ និងធំ០៨កញ្ចប់) ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១គ្រឿង ម៉ូតូ ០២គ្រឿង ទូរស័ព្ទ ០៣គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន។
ករណីទី២៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចុះឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ង៉ែត មករា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មុខរបរមិនពិតប្រាកដ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ឃុំខ្លួនលេខ១៥០/០២០ របស់សាលាដំបូងខេត្តតាកែវ ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធារញៀន ប្រព្រឹតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ ក្រោយពេលចាប់ខ្លួន បានធ្វើការឆែកឆេរនៅក្នុងខ្លួនឃើញមានម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កញ្ចប់ និងដកហូតម៉ូតូ០១គ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួក ដែលនៅសេសសល់យកមកផ្តន្ទាទោសតាមច្បាប់។
ករណីទី៣៖ ថ្ងៃទី០១ខែសីហា ឆ្នាំ២០២០ ម៉ោង៧នឹង៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានបន្តចុះរុករកកាប់នឹងដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខូចលួចដាំខុសច្បាប់ បានចំនួន០៨ទីតាំង បំផ្លាញអាងស្តុបទឹកចំនួន០៤ស្ថិតនៅចំណុចដុបបែកថ្លាង ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានផ្ទៃដីប្រមាណ១៥១៨ម៉ែត្រការ៉េ ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។
និងករណីទី០៤ ៖ នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ បានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ០១ករណី នៅភូមិអង្គតាកុប (ស្ថាននីយរថភ្លើង) ឃុំ លាយបូរ ស្រុក ត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ដន សំណាង ហៅ ដា ភេទ ប្រុស អាយុ ២២ឆ្នាំ (ជាមុខសញ្ញាជួញដូរយ៉ាងសកម្ម) រស់នៅភូមិ អង្គតាកុប ឃុំ លាយបូរ ស្រុក ត្រាំកក់ ខេត្ត តាកែវ ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់តូច និងសម្ភារមួយចំនួន។
សូមបញ្ជាក់ផងដែរថា ទាំង០៤ករណីនេះ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង កសាងសំណុំរឿងទៅតុលាការរួចហើយ នៅរសៀលថ្ងៃទី ០៣ ខែសីហា នេះ ៕ដោយ៖តាកែវ