ជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានប្រារព្ធខួបលើកទី ៧៥ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរមាណូ ទៅលើទីក្រុង Hiroshima ប៉ុន្តែព្រឹត្តិការណ៍ចង់ចាំឆ្នាំនេះ ត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយតូច ដោយសារតែការរាតត្បាតវីរុសកូរ៉ូណា។
កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ អាមេរិចបានទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុង Hiroshima បណ្តាលឲ្យមនុស្សប្រហែល ១៤០.០០០នាក់ស្លាប់បាត់បង់ជីវិត។
៣ថ្ងៃបន្ទាប់ មានការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើទីក្រុង Nagasaki។ ២សប្តាហ៍ក្រោយមក ជប៉ុនបានធ្វើការចុះចាញ់ ដែលធ្វើឲ្យមានការបញ្ជប់សង្គ្រាមលោកលើកទី ២។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីជប៉ុន Shinozo Abe និងអភិបាលក្រុង Hiroshima បានចូលរួមរំលឹកព្រឹត្តិការជាមួយនឹងអ្នកនៅរស់រានមានជីវិត និងកូនចៅរបស់ជនរងគ្រោះ នៅសួនសន្តិភាព។
សួននេះ តែងមានមនុស្សរាប់ពាន់នាក់បានចូលរួមរំលឹកព្រឹត្តិការណ៍រាល់ឆ្នាំ ប៉ុន្តែនៅឆ្នាំនេះ មានការកាត់បន្ថយចំនួនអ្នកចូលរួម ដោយមានការអង្គុយនៅកៅអីឃ្លាតពីគ្នា និងមានការពាក់ម៉ាស។
តើមានអ្វីកើតឡើងនៅក្នុងឆ្នាំ ១៩៤៥?
អាឡឺម៉ងបានចុះចាញ់នឹងកងទ័ពសម្ព័ន្ធមិត្តក្នុងខែ ឧសភា ឆ្នាំ ១៩៤៥ ប៉ុន្តែសង្គ្រាមលោកនៅតែបន្តនៅក្នុងតំបន់អាស៊ី នៅពេលដែលសម្ព័ន្ធមិត្តបានវាយជាមួយនឹងជប៉ុន។
អាមេរិចជឿជាក់ថា ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ នឹងអាចបង្ខំឲ្យជប៉ុនមានការចុះចាញ់លឿន ដោយមិនមានការគំរាមកំហែងដល់អាយុជីវិតទ័ពខ្លួនបន្តទៀត ក្រោយពេលទីក្រុងតូក្យូច្រានចោលឱសានវាទសម្រាប់សន្តិភាព។
នៅថ្ងៃទី ៦ ខែសីហា អាមេរិចទម្លាក់គ្រាប់បែកបរមាណូលើកដំបូងឈ្មោះ Little Boy ទៅលើទីក្រុង Hiroshima។ នោះជាការវាយប្រហារដោយអាវុធនុយក្លេអ៊ែរលើកដំបូងនៅក្នុងសង្គ្រាម។
មនុស្សយ៉ាងតិច ៧០.០០០នាក់ ត្រូវបានគេជឿជាក់ថា ស្លាប់ភ្លាមៗនៅក្នុងការវាយប្រហារនោះ។ មនុស្សរាប់ម៉ឺនាក់ទៀតស្លាប់ ដោយសាររបួសបង្កឡើងដោយសារចំហាយវិទ្យុសកម្ម នៅថ្ងៃ សប្តាហ៍ និងខែបន្ទាប់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC