ខេត្តស្វាយរៀង៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំខ្សែត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ទី៦ ខែសីហា ឆ្នាំ២០២០នេះ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋទាំង៥០គ្រួសារ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា សមិទ្ធផលថ្មីដែលបានរៀបចំក្រុងពាលីសាងសង់នាព្រឹកនេះ គឺជាសមិទ្ធផលថ្មីមួយទៀតស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបម្រើឱ្យការការពារ សន្តិសុខ សុវត្ថិភាព និងការផ្តលសេវាជូនដល់ប្រជាពលរដ្ឋ។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនូវចំណុចសំខាន់ៗមួយចំនួន ដូចជា ១-បច្ចុប្បន្នភាពនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលប្រជាពលរដ្ឋទទួលបាន នៅក្នុងខេត្តស្វាយរៀង ទាំងការបើកសាច់ប្រាក់ក្នុងជំហានទី១ និងជំហានទី២ ទៅតាមប័ណ្ណសមធម៌ដែលទទួលបាន ។ ២-ចូលរួមថែរក្សាអនាម័យខ្លួនប្រាណ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺឆ្លងកូវីដ១៩។ ៣-ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបញ្ជៀសការគ្រោះថ្នាក់នៅលើដងផ្លូវ។ ៤-ឪពុកម្តាយគ្រប់រូប ត្រូវបន្តការអប់រំកូនចៅ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ៥- ក្នុងរដូវវស្សានេះ ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះធម្មជាតិផ្សេងៗដូចជា ខ្យល់កន្ត្រាក់ ផ្គររន្ទះ ជាដើម ។ ៦- អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តចុះជួយដោះស្រាយ បញ្ហារបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ឲ្យបានទាន់ពេលវេលា៕ ដោយ៖វ៉ៃកូ