បាត់ដំបង៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១។
ការលើកឡើងនេះ ក្នុងពេលឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ដែលមានទីតាំងស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២០ រួមដំណើរដោយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តបាត់ដំបង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងផងដែរ។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២១។ គិតមកដល់ថ្ងៃនេះ ការងារសម្រេចបានប្រមាណ ៧០ភាគរយ លើទំហំការងារសរុបរបស់គម្រោង។ បន្ទាប់ពីការសាងសង់ ត្រូវបានបញ្ចប់ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ១១០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤០០០ ហិកតា។ ទំហំការងារដែលបាននិងកំពុងអនុវត្ត រួមមាន ៖ទី១- សាងសង់ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹង ១ ខ្សែ ប្រវែង ៣៨០ម៉ែត្រ ។ ទី២- សាងសង់សំណង់ទ្វារទឹកស្ទាក់ស្ទឹងសង្កែ ប្រវែង ៧៤ ម៉ែត្រ ចំនួន ១ កន្លែង។ ទី៣- សាងសង់ប្រឡាយធ្វើពីបេតុង ចំនួន ៤ ខ្សែ ប្រវែង ១៧៧៧ គីឡូម៉ែត្រ ។ ទី៤- សាងសង់សំណង់ក្បាលហុង ចំនួន ៤ កន្លែង។ ទី៥- សាងសង់សំណង់ស្ទាក់ទឹកប្រឡាយមេ ចំនួន ១៣ កន្លែង។ ទី៦- សាងសង់សំណង់ចែកចាយទឹក ចំនួន ២១ កន្លែង។ ទី៧- សាងសង់ស្ពានឆ្លងកាត់ប្រឡាយ ចំនួន ២៣ កន្លែង។ ទី៨- សាងសង់ជណ្តើរចុះក្នុងប្រឡាយមេ សម្រាប់អ្នកភូមិប្រើប្រាស់ ចំនួន ២៧៤ កន្លែង។
ឯកឧត្តម លឹម គានហោ បានមានប្រសាសន៍បញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺជាក្តីស្រមៃរបស់ខ្ញុំជាយូរណាស់មកហើយ ដែលចង់បាននូវសំណង់ដូចនេះ ពេលនេះបានក្លាយជាការពិតហើយ ។ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាប្រព័ន្ធធារាសាស្ត្រមួយ ស្ថិតនៅលើដងស្ទឹងសង្កែ ដែលមានប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិតាមរយៈកុំព្យូទ័រ ហើយក៏ជាគម្រោងទី ៣ បន្ទាប់ពីគម្រោងពហុបំណងសេកសក និងទំនប់កង្ហត ក្នុងការស្ទាក់ទឹកទុក មុននឹងហូរទៅទន្លេសាប។ គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់បម្រើឲ្យការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងផ្ទាល់តែម្តង មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ បញ្ចៀសបាននូវការគំរាមកំហែងពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលតែងតែយាយីជារៀងរាល់ឆ្នាំផងដែរ។ មិនតែប៉ុណ្ណោះ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ក៏ជាតំបន់ទេសចរណ៍ និងជាកន្លែងកម្សាន្តដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរកាន់តែច្រើនចូលមកកាន់ខេត្តនេះ៕ ដោយ : អ៊ុងសារុំ