ភ្នំពេញ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងជម្រាបមកលោកសឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស ពីការជូនដំណឹងអំពីការរំលាយគណបក្សសិទ្ធិមនុស្ស ដោយក្នុងនោះក្រសួងមហាផ្ទៃ បានប្រកាសថា ការប្រកាសរំលាយរបស់គណបក្សសិទ្ធិមនុស្ស មិនទាន់អនុវត្តត្រឹមត្រូវនៅឡើយ ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅក្នុងលិខិតថា ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវលិខិតជូនដំណឹងអំពីការរំលាយគណបក្សសិទ្ធិមនុស្សដូចមានចុះក្នុងយោងខាងលើ។ ផ្អែកតាមបទប្បញ្ញត្តិមាត្រា៣៣ នៃច្បាប់ស្តីពីគណបក្សនយោបាយ និងលក្ខន្តិកៈរបស់គណបក្សសិទ្ធិមនុស្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃសូមស្នើឲ្យគណបក្សសិទ្ធិមនុស្សអនុវត្តនីតិវិធីពាក់ព័ន្ធនឹងការរំលាយគណបក្សសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវតាមប្រការ៥០(ថ្មី) កថាខណ្ឌទី២ នៃលក្ខន្តិកៈគណបក្សសិទ្ធិមនុស្ស ដែលបានចែងថា៖ “រួចដាក់ជូនសមាជ ដើម្បីសុំការអនុម័តតាមសំឡេងគាំទ្រភាគច្រើន ២/៣ នៃសមាជិកដែលមានសិទ្ធិសម្រេចរបស់អង្គសមាជទាំងមូល”។
សូមបញ្ជាក់ថា លោកសឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០១៨ បានចេញលិខិតមួយច្បាប់គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការរំលាយគណបក្សសិទ្ធិមនុស្ស ដោយយោងតាមស្មារតីនៃអង្គប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសិទ្ធិមនុស្សកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០១៨។ លោកសឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស បានបញ្ជាក់ប្រាប់សម្តេចក្រឡាហោម ថា តាមសម័យប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសិទ្ធិមនុស្ស បានសម្រេចជាឯកច្ឆន្ធរំលាយគណបក្សសិទ្ធិមនុស្សចាប់ពីថ្ងៃនេះតទៅ។
បើតាមលោកមុត ចន្ថា នាយកខុទ្ទកាល័យលោកកឹម សុខា បានចេញសេចក្តីបំភ្លឺចម្ងល់ខ្លះ ពាក់ព័ន្ធនឹងការសុំរំលាយគណបក្សសិទ្ធិមនុស្ស។ លោកបានបញ្ជាក់ថា នៅមុនការរួបរួម រវាងគណបក្សសិទ្ធិមនុស្ស និង គណបក្សសម រង្ស៊ី នៅខែកក្កដា ឆ្នាំ២០១២ គណបក្សទាំងពីរសុទ្ធតែ បានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រៀងៗខ្លួន ដោយគណបក្សសិទ្ធិមនុស្ស ទទួលបានក្រុមប្រឹក្សាឃុំ-សង្កាត់ ជាងប្រាំបីរយ និង គណបក្សសម រង្ស៊ី ទទួលបានជាងពីរពាន់ក្រុមប្រឹក្សា។
ក្រុមប្រឹក្សាឃុំ-សង្កាត់ មានអាណត្តិប្រាំឆ្នាំ គឺត្រូវបញ្ចប់បន្ទាប់ពីក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីចូលកាន់តំណែង នៅក្រោយខែមិថុនា ឆ្នាំ២០១៧។ ក្នុងន័យនេះ បើសិនគណបក្សទាំងពីរត្រូវរំលាយ នៅឆ្នាំ២០១៣ បន្ទាប់ពីការបោះឆ្នោតសភារួច គឺមានន័យស្មើនឹងរំលាយក្រុមប្រឹក្សាឃុំ-សង្កាត់ ជិតបីពាន់នាក់ ដូច្នេះហើយទើបត្រូវរក្សាគណបក្សទាំងពីរឲ្យនៅមានសុពលភាព ដើម្បីរក្សា និងការពារកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សទាំងពីរ។ ប្បញ្ញត្តិនេះត្រូវបានចែងកំណត់នៅក្នុងច្បាប់ ស្តីពីគណបក្សនយោបាយ និងច្បាប់ ស្តីពីការបោះឆ្នោត។ មានអ្នកខ្លះអះអាងថា គណបក្សមួយមិនអាចរំលាយខ្លួនឯងនៅពេលនេះបានទេ ព្រោះត្រូវនៅការពារអាសនៈព្រឹទ្ធសភាសិន។ ហេតុផលនេះអាចត្រូវ ក្នុងករណីអាណត្តិរបស់ព្រឹទ្ធសភា ឬរដ្ឋសភានៅសល់ពេល ៦ខែយ៉ាងតិច មុនចប់នីតិកាលរបស់ខ្លួន ប៉ុន្តែបើសិនជាអាណត្តិនៅសល់តិចជាង ឬក្រោម ៦ខែ គឺមិនត្រឹមត្រូវទេ។ រយៈពេលតិចជាង ៦ខែ មុនចប់នីតិកាល គណបក្សសាមីមិនអាចស្នើសុំដកសមាជិកភាព ឬប្តូរចេញ ឬត្រូវស្ថាប័នសាមី ដូចជាព្រឹទ្ធសភា ឬរដ្ឋសភាដកចេញ ឬបណ្តេញចេញបានឡើយ ទោះបីបាត់បង់សមាជិកភាពគណបក្សសាមី ឬគណបក្សសាមីត្រូវបានរំលាយ ឬរំលាយខ្លួនឯកក៏ដោយ៕ ដោយ៖បញ្ញាស័ក្តិ