ភ្នំពេញ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ក្រសួងកសិកម្ម បានបង្ហាញថា កំណើនបរិមាណនៃការនាំចេញកសិផលរបស់កម្ពុជា ជាកត្តាឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរជាវិជ្ជមានទាំងបរិមាណ និងគុណភាពនៃផលិតកម្មកសិកម្មរបស់កម្ពុជា។
ក្រសួងកសិកម្មបានបង្ហាញទៀតថា ការនាំចេញផលិតផលកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងជាលំដាប់ នៅក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានបង្កើនការនាំចេញកសិផលពី ៣,៤៤លានតោន ទៅដល់ ៤,៨លានតោន ទៅកាន់ទីផ្សារចំនួន៥៩ប្រទេស។
របាយការណ៍ក្រសួងកសិកម្មបានកត់សម្គាល់ ទៅលើចំណុចសំខាន់ៗមួយចំនួន ដូចជា ភូតគាមអនាម័យ បានដើរតួនាទីមិនអាចខ្វះបាន ជាស្ពានចម្លងផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស ជាពិសេសផលិតផលកសិកម្មមួយចំនួន ដែលជាប្រភេទផលិតផល មានកម្រិតហានិភ័យខ្ពស់ ដូចជា ផលិតផលបន្លែ ផ្លែឈើស្រស់ មើម និងបណ្ដាទំនិញដទៃទៀតដែលចាត់ ក្នុងកម្រិតហានិភ័យ នៃស្ដង់ដារភូតគាមអនាម័យអន្ដរជាតិលេខ៣២ ។ ការនាំចេញទំនិញប្រភេទនេះ ទាមទារឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចារបើកទីផ្សារ ជាមួយសមត្ថកិច្ចភូតគាមអនាម័យ នៃប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យ សមាសភាពចង្រៃពាក់ព័ន្ធ នឹងការនាំចូលទំនិញដែលបានស្នើសុំ។
គួរបញ្ជាក់ថា ផលិតផលសំខាន់ៗដែលបាន និងកំពុងនាំចេញទៅកាន់ទីផ្សារបរទេស ក្រោយពីបានឆ្លងកាត់ការចរចា បើកទីផ្សារដោយរៀបចំជាពិធីសារស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យជាមួយប្រទេសនាំចូលសំខាន់ៗមួយចំនួន រួមមាន អង្ករ ចំណិតដំឡូងមីក្រៀម ពោត ផ្លែចេក ផ្លែស្វាយស្រស់ ផ្លែស្រការនាគ៕
ដោយ៖CEN