Thursday, October 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ទម្រង់

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៣ខែតុលានេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាម ប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពបុគ្គល។

ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការបង្ក្រាបបណ្ដាញឧក្រិដ្ឋជន និង
នាំខ្លួនជនល្មើសមកផ្តន្ទាទោស។ ការទទួលស្គាល់ភាពស្មុគស្មាញនៃបញ្ហាប្រឈម
ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្ន កំពុងរីករាលដាលកាន់តែខ្លាំងឡើងដោយឆ្លងកាត់ព្រំដែន ប្រទេស ហើយប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប។ បណ្ដាញឧក្រិដ្ឋកម្មទាំងនោះ ធ្វើប្រតិបត្តិការឆ្លងដែន សមត្ថកិច្ចផ្សេងគ្នាជាច្រើន ប្រើប្រាស់សារទាក់ទងសម្ងាត់ (តាមរយៈកូដនីយកម្ម) រូបិយប័ណ្ណឌីជីថល និងខ្សែ សង្វាក់ជ្រើសរើសពលកម្មឆ្លងប្រទេស ដែលធ្វើអោយពិបាកបែងចែកពីភាពខុសគ្នារវាងជនរងគ្រោះ និងជន ប្រព្រឹត្តបទល្មើស។ បុគ្គលជាច្រើនរូបដែលជាប់នៅក្នុងទីតាំងឆបោក គឺជាជនរងគ្រោះនៃអំពើជួញដូរ និងការ បង្ខិតបង្ខំ។

កម្ពុជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការបែងចែកអោយដាច់រវាងជនរងគ្រោះពិតប្រាកដ និងឧក្រិដ្ឋជន ដោយធានាថា វិធានការឆ្លើយតបនានា មានលក្ខណៈមនុស្សធម៌ សមាមាត្រ និងយុត្តិធម៌។ យើងក៏សូម គូសបញ្ជាក់ផងដែរថា ព័ត៌មានបំផ្លើសឬបំភ័ន្ត អាចបង្កអោយមានការមាក់ងាយយ៉ាងអយុត្តិធម៌ទៅលើពល និងអ្នកចំណាកស្រុកធ្វើការងារ។ ហេតុដូចនេះ កម្ពុជាសូមអំពាវនាវឱ្យមានការផ្សព្វផ្សាយព័ត៌មានប្រកបដោយ ការទទួលខុសត្រូវនិងភាពពិតប្រាកដ ដែលគាំទ្រដល់ការអនុវត្តច្បាប់ ហើយការពារជនដែលងាយរងគ្រោះ ។

វិធានការកំពុងអនុវត្ត និងលទ្ធផលជាក់ស្ដែងក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា
ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះកម្ពុជាបានបង្កើនប្រតិបត្តិការទូទាំងប្រទេសដើម្បីកំណត់មុខសញ្ញ ស៊ើបអង្កេត និងបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះរួមមាន៖
ការពង្រឹង និងអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរ ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការឆបោក និងការ សំអាតប្រាក់ ព្រមទាំងការធ្វើបច្ចុប្បន្នកម្មលើបទប្បញ្ញត្តិស្តីពីភស្តុតាងឌីជីថល និងការស្វែងរកទ្រព្យ សម្បត្តិ។
បង្កើនការសម្របសម្រួលអន្តរស្ថាប័នក្នុងចំណោមអាជ្ញាធរមានសមត្ថកិច្ច។

អនុវត្តការត្រួតពិនិត្យគោលដៅ ចុះឆែកឆេរ និងចាប់ខ្លួនមេខ្លោង និងអ្នកសមគំនិត ព្រមទាំងរឹបអូស ទ្រព្យសម្បត្តិឧក្រិដ្ឋកម្ម ដូចជាសាច់ប្រាក់ រូបិយបណ្ណគ្រីបតូ យានយន្ត និងអចលនទ្រព្យ។ ពង្រីកបណ្តាញទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោង/ថ្ងៃ និង៧ថ្ងៃ/សប្តាហ៍ និងទីជំរកបណ្ដោះអាសន្ន ផ្តល់ជំនួយផ្នែកផ្លូវចិត្ត វេជ្ជសាស្ត្រ និងផ្លូវច្បាប់ដល់ជនរងគ្រោះ និងធានាការមិនដាក់ទោសទណ្ឌទៅ លើជនរងគ្រោះដែលត្រូវបានគេបង្ខិតបង្ខំ។
រាជរដ្ឋាភិបាលបានពង្រឹងបន្ថែមទៀតនូវក្របខណ្ឌច្បាប់និងស្ថាប័នរបស់ខ្លួន ពង្រឹងការសម្របសម្រួល អន្តរស្ថាប័ន និងបានធ្វើបច្ចុប្បន្នកម្មលើច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រឆាំងការសំអាតប្រាក់ និងការជួញដូរមនុស្ស។
រាជរដ្ឋាភិបាលកំពុងអនុវត្តវិធានការទប់ស្កាត់កាន់តែខ្លាំងក្លាចំពោះឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងយន្តការសម្របសម្រួលអន្តរក្រសួងថ្មី ការពង្រឹងការឃ្លាំមើលតាមប្រព័ន្ធឌីជីថល និងការផ្អាកដំណើរការគេហទំព័រ និងអាជ្ញាប័ណ្ណអាជីវកម្មដែលពាក់ព័ន្ធនឹងប្រតិបត្តិការខុសច្បាប់។

រាជរដ្ឋាភិបាល ក៏បានចាត់វិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់ រួមទាំងការដកហូតអាជ្ញាប័ណ្ណអាជីវកម្មចំនួន ១២០ ការផ្អាកគេហទំព័រទាក់ទងនឹងល្បែងជាង១ពាន់ និងការបង្កកគណនីធនាគារខុសច្បាប់ដែលភ្ជាប់ទៅ នឹងផែនការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតបរទេស បានជួយ សម្រួលដល់ការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះ ក៏ដូចជាការផ្លាស់ប្តូរព័ត៌មាន
សម្ងាត់អំពីក្រុមប្រព្រឹត្តឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងតំបន់ផងដែរ។
ភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា បានធ្វើប្រតិបត្តិការតាមគោលដៅជាច្រើននៅទូទាំងប្រទេស។ ប្រតិបត្តិការទាំងនោះ បានឈានទៅដល់ការបិទទីតាំងខុសច្បាប់ជាច្រើនកន្លែង ការចាប់ខ្លួនជនសង្ស័យរាប់ រយនាក់ និងការជួយសង្គ្រោះនិងការពារជនរងគ្រោះកម្ពុជានិងបរទេសពីការកេងប្រវ័ញ្ចតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ពេលអនាគត កម្ពុជាកំពុងរៀបចំបង្កើតក្រុមការងារបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ថ្នាក់ជាតិ បង្កើនសមត្ថភាពធ្វើកោសល្យវិច្ច័យឌីជីថល និងបន្តសហការជាមួយដៃគូទាំងអស់ ដើម្បីពង្រឹង ក្របខ័ណ្ឌការអនុវត្តច្បាប់ឆ្លងព្រំដែន និងអភិបាលកិច្ចនៃប្រព័ន្ធបច្ចេកវិទ្យា។ លទ្ធផលទាំងនេះ បញ្ជាក់ពីការ
ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា
ប្រព័ន្ធឌីជីថល និងលើកកម្ពស់បណ្ដាញបច្ចេកវិទ្យាក្នុងតំបន់ដែលមានសុវត្ថិភាពជាងមុន។

ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ

កម្ពុជាបាននិងកំពុងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងតំបន់ និងលើឆាកអន្តរជាតិ រួមទាំង សាធារណរដ្ឋកូរ៉េ ប្រទេសចិន និងរដ្ឋសមាជិកអាស៊ាន តាមរយៈការស៊ើបអង្កេតរួមគ្នា ការចែករំលែកព័ត៌មាន សម្ងាត់ និងការផ្ដល់ជំនួយផ្នែកច្បាប់ទៅវិញទៅមក។ ភាពជាដៃគូទាំងអស់នេះ នាំអោយសម្រេច នូវលទ្ធផល ជាក់ស្ដែងជាច្រើន ដូចជាការទប់ស្កាត់ចំពោះក្រុមប្រតិបត្តិការឆបោកធំៗ ការកាត់ទោសក្រុមឧក្រិដ្ឋជនដែល មានបណ្តាញចាត់តាំង
រួមទាំងការបញ្ជូនជនរងគ្រោះបរទេសត្រឡប់ទៅមាតុប្រទេសរបស់ពួកគេវិញ។
ទន្ទឹមនេះ កម្ពុជាសូមទទូចដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ មេត្តាធានាបាន នូវការរាយការណ៍ទាំងឡាយប្រកបដោយសុក្រឹតភាព យុត្តិធម៌ និងផ្អែកលើភស្តុតាង ក្នុងស្មារតីលើកស្ទួយកិច្ច សហប្រតិបត្តិការ ជាជាងការបំបែកបំបាក់។

កម្ពុជា និងសាធារណរដ្ឋកូរ៉េ៖ ការប្តេជ្ញាចិត្តរួមគ្នា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងការសោកស្តាយ និងសមានទុក្ខ ជ្រាលជ្រៅចំពោះសោកនាដកម្មថ្មីៗនេះ ពាក់ព័ន្ធនឹងពលរដ្ឋកូរ៉េ ដែលជាជនរងគ្រោះក្នុងអំពើឆបោកការងារ តាមប្រព័ន្ធបច្ចេកវិទ្យា និងក្នុងបទល្មើសពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា។ រដ្ឋាភិបាលកម្ពុជា សូមសម្ដែងសមាន ចិត្តយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រួសារជនរងគ្រោះ និងចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉
ផងដែរ។
ក្នុងឱកាសជំនួបថ្មីៗនេះ រវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ គីម ជីណា (Kim Jina) អនុរដ្ឋមន្ត្រីទី២នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ សម្ដេចធិបតី និងលោកជំទាវ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្ដេចធិបតី បានសរសើរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជាថ សាធារណរដ្ឋកូរ៉េ ព្រមទាំងបង្ហាញការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ដើម្បីបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងមគ្នា ។ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ជាទ្វេភាគី ដោយសម្តេច បញ្ជាក់ជាថ្មីថា ភាពជាដៃគូនេះ ស្តែងចេញតាម រយៈការគោរពគ្នាទៅវិញទៅមក សមភាព និងការជឿទុកចិត្ត។ កម្ពុជាស្វាគមន៍ចំពោះកិច្ចសន្ទនា និងកិច្ចសហ- ប្រតិបត្តិការជាបន្តទៀតជាមួយសាធារណរដ្ឋកូរ៉េ ដើម្បីជំរុញគោលដៅរួមគ្នាសម្រាប់ស្ថិរភាព សន្ដិសុខ និងវិបុល
ភាពក្នុងតំបន់។

លោកជំទាវអនុរដ្ឋមន្ត្រី ក៏បានចូលជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រសួងមហាផ្ទៃ និងក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិផងដែរ ដោយលើកឡើងពីកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាង
ប្រទេសទាំងពីរក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ទម្រង់។ ក្នុងឱកាសនោះ លោកជំទាវ ត្រូវបានជម្រាបជូនផងដែរអំពីវិធានការនានាដែលត្រូវបានអនុវត្ត ក៏ដូចជា
លទ្ធផលសំខាន់ៗសម្រេចបាននៅក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ។

កិច្ចសហប្រតិបត្តិការនាពេលអនាគត

សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តពង្រឹងសមត្ថភាពអនុវត្តច្បាប់ ក្របខ័ណ្ឌច្បាប់ និងភាពជាដៃគូ ក្នុងតំបន់ក្រោមក្របខ័ណ្ឌអាស៊ាន កម្ពុជា ក៏នឹងបន្តរក្សាភាពសកម្មនៃការអនុវត្តការងាររបស់ខ្លួនផងដែរ តាមរយៈសកម្មភាពស៊ើបអង្កេតដែលមានវិសាលភាពកាន់តែទូលំទូលាយ ការពង្រឹងក្រុមការងារប្រឆាំងឧក្រិដ្ឋ- កម្ម កាន់តែរឹងមាំ និងការជំរុញយុទ្ធនាការបញ្ជ្រាបការយល់ដឹងជាសាធារណៈ កាន់តែប្រសើរ។
សាររបស់កម្ពុជាគឺច្បាស់លាស់៖ «ខណៈដែលឧក្រិដ្ឋជនយកបច្ចេកវិទ្យា និងព្រំដែនជាឈ្នាន់ វិធានការឆ្លើយតបរបស់យើងប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនោះ ចាំបាច់ត្រូវធ្វើឡើងដូចគ្នា ក្រោមកិច្ចសហការ និង ការសម្របសម្រួល»។ តាមរយៈកិច្ចសហប្រតិបត្តិការ មិនមែនការស្តីបន្ទោស ព្រះរាជាណាចក្រកម្ពុជានឹងបន្ត ស្វែងរកឧក្រិដ្ឋជន ការពារនិងសង្គ្រោះជនរងគ្រោះ ព្រមទាំងរក្សាសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និង សេចក្ដីថ្លៃថ្នូររបស់មនុស្សគ្រប់ៗគ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×