ខេត្តស្វាយរៀង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារជិះម៉ូតូមិនប្រុងប្រយ័ត្ន ក៏បានទៅបុកគូទរថយន្តកុងតឺន័រ ដែលកំពុងឈប់ជាជួរបណ្តាលឱ្យរងរបួសធ្ងន់ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅចន្លោះគឺទ្បូម៉ែត្រលេខ ១៦៦_១៦៧ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតទ្បើងរវាងរថយន្តកុងតឺន័រនិងម៉ូតូ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត។ ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ផ្លាកលេខ1B 5963 បើកបរដោយឈ្មោះ រស់ អូន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរមុខរបរជាងភ្លើង មានទីលំនៅ ភូមិខ្យា ឃុំខ្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បើកពីលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកប៉ះនឹងរថយន្តកុងតឺន័រ ពណ៌ទឹកក្រូចពាក់ផ្លាកលេខ 5 1D 10175 បើកបរដោយឈ្មោះ អេង សុខលីន ភេទប្រុសអាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅ ភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ( បុកពីខាងក្រោយរថយន្តកំពុងឈប់ជាជួរ ) បណ្តាលឲ្យរងរបួសធ្ងន់។
ប្រភពដដែលបានបន្តថា បច្ចុប្បន្ន អ្នករងរបួសត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យពន្លឺបូព៌ា ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។ មូលហេតុ អ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿន រីឯវត្ថុតាងទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ វ៉ៃកូ