ក្រពើអាហ្វ្រិក ១ ហ្វូងដែលរស់នៅក្នុងរូងភ្នំងងឹតមួយ បានប្រែពណ៌ទៅជាទឹកក្រូច ហើយស៊ីប្រចៀវជាអាហារ។
រូបភាព គំរូក្រពើពណ៌ទឹកក្រូច ១០ក្បាល ត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវនៅក្នុងគុហា។
យោងតាមសារព័ត៌មាន Daily Mail អ្នកបុរាណវិទូ Richard Oslisly បានរកឃើញក្រពើតឿជាលើកដំបូង ពេលចូលទៅក្នុងរូងភ្នំ Abanda នៅ Gabon កាលពីឆ្នាំ 2008 ដើម្បីរកមើលដាននៃមនុស្សសម័យបុរេប្រវត្តិ។
និយាយបានថា វាជាប្រភេទសត្វដែលហ្សែនមានការប្រែប្រួល ហើយអាហាររបស់ពួកគេវាក៏ផ្សេងដែរ។ ពោលគឺវា វិវឌ្ឍន៍នីយកម្ម សម្របខ្លួននឹងជីវភាពក្រោមដី។
ពីរឆ្នាំក្រោយមក Oslisly បានត្រលប់មកជាមួយអ្នកវិទ្យាសាស្ត្រខាងរូងភ្នំ Olivier Testa និងអ្នកជំនាញខាងក្រពើ Matthew Shirley ។
ពួកគេបានចាប់ក្រពើលើកដំបូង ហើយបានយកវាចេញមកក្រៅ។ ក្រុមនេះមានការភ្ញាក់ផ្អើលនៅពេលដែលក្រពើមិនមានពណ៌ប្រផេះដូចធម្មតា ប៉ុន្តែបែរជាមានពណ៌ទឹកក្រូចទៅវិញ។
រហូតមកដល់ពេលនេះ ក្រុមការងារបានរកឃើញក្រពើប្រហែល 30 ក្បាល នៅក្នុងល្អាង ហើយក្នុងនោះមានក្រពើ 10 ក្បាលមានពណ៌ “ទឹកក្រូច” ក៏នៅមានមួយចំនួនទៀតពុំទាន់រកឃើញ។
រូបរាងរបស់ក្រពើ ពណ៌ក្រពើ គឺខុសគ្នាពីអម្បូរក្រពើតឿ អាហ្វ្រិក។
ក្រុមអ្នកស្រាវជ្រាវជឿថា ក្រពើពុំទាន់ពេញវ័យ អាចចូលទៅក្នុងប្រព័ន្ធគុហាតាមរយៈផ្លូវរាប់មិនអស់ ប៉ុន្ដែនៅពេលដែលឈានទៅដល់ទំហំធំពេញវ័យ ពួកវាត្រូវចំណាយពេលពេញមួយថ្ងៃស្ថិតក្នុងភាពងងឹត។
លោក Oslisly បាននិយាយថា “ទីនោះពុំខុសប្លែកពី គុកឃុំខ្លួនពួកវាទេ។ ពួកវាត្រូវស៊ីប្រចៀវ និងទាំងចង្រិតទុំលើជញ្ជាំងភ្នំ ដើម្បីរស់” ។
យូរ ៗ ទៅក្រពើចាស់ៗចាប់ផ្តើមប្រែពណ៌ទឹកក្រូច។ អ្នកស្រាវជ្រាវបានសន្មតថា ការផ្លាស់ប្តូរពណ៌គឺដោយសារតែក្រពើចំណាយពេលច្រើនក្នុងការត្រាំទឹកមានជាតិ អាល់កាឡាំង និងលាមកប្រចៀវ ធ្វើឱ្យស្បែករបស់ពួកគេត្រូវចម្រុះពណ៌បែបនេះ។
ក្រុមរបស់ Oslisly បានអះអាងថា ក្រពើរស់នៅរូងភ្នំ ដោយហេតុផលជាច្រើន រួមទាំងប្រភពអាហារមានស្ថេរភាពនិងទីជម្រកសុវត្ថិភាព។ Oslisly និងសហការីរបស់គាត់កំពុងធ្វើការ ដើម្បីបង្វែរតំបន់នេះទៅជាជម្រកសត្វព្រៃអភិរក្សការពារក្រពើពណ៌ទឹកក្រូច៕ អាគ្នេយ៍