បាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា អ្វីដែលរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់បន្ថែមទៀតនោះ គឺការកែលម្អសួននៅទីនេះ ឲ្យទៅជាគន្លងផ្លូវថ្មីផ្លូវបេទីម សម្រាប់ការធ្វើចរាចរណ៍ទៅមកនៅពេលស្ពានថ្មថ្មី១៣មករានេះ ត្រូវបានបើកឲ្យដំណើរការប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗនេះ។
ការលើកឡើងនេះ ក្នុងពេលអញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាព នៃការសាងសង់ស្ពានថ្មថ្មី”១៣មករា” ជាអំណោយសប្បុរសជនដ៏ថ្លៃថ្លា តាមរយៈសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានតម្លៃប្រមាណជាងកន្លះលានដុល្លារអាមេរិក កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍បញ្ជាក់ថា សំខាន់កិច្ចការងារដែលខេត្ត ត្រូវរៀបចំទីនោះឲ្យមានគន្លងផ្លូវថ្មីចាប់ពីចំណុចចុះពីស្ពានថ្មី ដើម្បីកែសម្រួលរៀបចំរុះរើគាស់រំលើងដើមឈើ ដែលលម្អសួនច្បារមុខសាលាខេត្តចាស់ ឲ្យទៅជាផ្លូវបេទីម ដើម្បីបើកឲ្យមានផ្លូវធ្វើចរាចរណ៍ទៅមកបាន ក្រោយពីបញ្ចប់ការសាងសង់ស្ពានរួចរាល់ជាស្ថាពរហើយនោះ។ មកដល់ពេលនេះស្ពានថ្មីដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ស្ថិតនៅមុខអតីតនិវេសនដ្ឋានចាស់ នៃសម័យលោកម្ចាស់ (អតីតអាគារសាលាខេត្តចាស់) ត្រូវបានសាងសង់រួចរាល់ហើយ។ដោយឡែក “ស្ពានថ្មចាស់” ដែលជាស្ពានបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង គឺស្ពាននេះមិនទាន់បានធ្វើការកែលម្អឡើងវិញនៅឡើយនោះទេ គឺជាស្ពានដែលក្រសួងរក្សាទុក ដើម្បីធ្វើការអភិរក្សនិងរក្សាទុកស្ពាននេះ ឲ្យនៅគង់វង់ដដែល និងជាស្ពានចំណាស់ប្រវត្តិសាស្ត្រ បន្សល់ទុកពីបរមបុរាណ និងមានអាយុកាលប្រមា
ណជាង១០០ឆ្នាំ មកហើយនោះ។ អ្វីដែលរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់បន្ថែមទៀតនោះ គឺការកែលម្អសួននៅទីនេះ ឲ្យទៅជាគន្លងផ្លូវថ្មីផ្លូវបេទីម សម្រាប់ការធ្វើចរាចរណ៍ទៅមកនៅពេលស្ពានថ្មថ្មី១៣មករានេះ ត្រូវបានបើកឲ្យដំណើរការប្រើប្រាស់ជាផ្លូវការឆាប់ៗ និងក្រោយពេលដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំស្ថាបនាជាផ្លូវបេទីម និងធ្វើសួនច្បារថ្មីព្រមទាំងឲ្យមានគន្លងផ្លូវថ្មីចិញ្ចើមផ្លូវថ្មើរជើងនៅទីនោះ បានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ថ្មីៗកន្លងទៅនេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាព នៃការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន ក្នុងខេត្តបាត់ដំបង ឯកឧត្តម លឹមគានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ថា ក្រោយពីទំនប់ស្ទាក់ទឹកសាលាអន រួចរាល់ជាស្ថាពរនៅខែមិថុនា ឆ្នាំ២០២១ ខាងមុខ។ ស្ថានភាពកម្ពស់ទឹកស្ទឹងសង្កែទាំងរដូវវស្សា ទាំងរដូវប្រាំង លែងគោករាក់ទៀតហើយ។ កម្ពស់ទឹកអាចតម្កល់រក្សាទឹកទុកពីកម្ពស់១០ទៅ១៣ម៉ែត្រ ទាំងខួបប្រាំង ខួបវស្សា នៅមុនពេលទម្លាក់ទឹកស្ទឹងសង្កែឲ្យហូរចុះ ទៅទន្លេសាបនោះ៕ ដោយ៖អ៊ុងសារុំ