បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ជំរុញដល់មន្ទីរជំនាញ និងមន្ទីរវិស័យរួមទាំងបណ្តាអង្គភាពពាក់ព័ន្ធក្នុងការផ្តល់នូវសេវារៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវតែបង្កើននូវការយកចិត្តទុកដាក់ក្នុងការពន្លឿន ពីការផ្តល់សេវាទំនុកចិត្តជូនពលរដ្ឋ ឲ្យបានលឿនឆាប់និងបញ្ឈប់ពីភាពសាំញ៉ាំអសកម្មមួយចំនួន ដែលកើតឡើងពីភាពខ្វះចន្លោះរបស់មន្ត្រីជំនាញ ដែលបានអនុវត្តកន្លងមកនោះ។
ការលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំចង្អៀតមួយដែលរៀបចំដោយរដ្ឋបាលខេត្ត ស្តីពីបញ្ហាការផ្តល់នូវ សេវារៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ទទួលបន្ទុកការងារដីធ្លី លោកប្រធានមន្ទីររៀបចំដែនដីខេត្ត លោកប្រធានសាខាពន្ធដារខេត្ត អស់លោក លោកស្រី ជាអភិបាល អភិបាលរងក្រុងស្រុកទាំង៦ រួមមានក្រុងបាត់ដំបង ស្រុកសង្កែ ស្រុកមោងឫស្សី ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកបាណន់ ព្រមទាំងលោកមេឃុំ ចៅសង្កាត់ មកពីស្រុក-ក្រុង រួមនិងមន្ត្រីការិយាល័យរៀបចំដែនដី និងភូមិបាលស្រុក ក្រុងផងដែរ។
លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបាត់ដំបង បានមានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំចង្អៀត និងលទ្ធផលដែលទទួលបានពីការធ្វើបទបង្ហាញ អំពីបញ្ហាការផ្តល់សេវារៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងតាមរយៈបទបង្ហាញជាសារវ័ន្ត អំពីបញ្ហាការផ្តល់សេវារៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ។
លោក ហេង ជំនិត ប្រធានសាខាពន្ធដារខេត្ត បានបញ្ជាក់ និងឆ្លុះបញ្ជាំងពីទិដ្ឋភាពរួម ក្នុងការអនុវត្តពីនីតិវិធីកំណត់ដោយច្បាប់ ដែលសាខាពន្ធដារអនុវត្តកន្លងមក គឺត្រឹមត្រូវតាមស្តង់ដារដែលក្រសួងកំណត់ជាក់លាក់។ ក្រោយពីកិច្ចពិភាក្សាលើកឡើងពីទឡ្ហីករណ៍ និងបញ្ហាប្រឈមចំពោះមុខ ភាពសកម្ម និងភាពអសកម្មរបស់បណ្តាមន្ទីរអង្គភាព អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ ជុំវិញបញ្ហាការរៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីខេត្ត ដែលបានចូលរួម ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើការណែរនាំដល់មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ពីនៅថ្នាក់មូលដ្ឋានស្រុក ច្រកចេញចូល មកសាខាពន្ធដារ រហូតដល់មន្ទីរជំនាញ ត្រូវធ្វើការសិក្សាលម្អិតឲ្យបានស៊ីជម្រៅ និងអំពីបរិបថការងារឲ្យបានជាក់លាក់ ពីការផ្តល់នូវសេវាខាងលើនេះ ដែលកន្លងមក ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ថ្នាំងថ្នាក់ ដោយសារតែការយឺតយ៉ាវ ក្នុងការផ្តល់សេវាមិនលឿននិងឆាប់រហ័ស ដល់ពួកគាត់ ដែលខ្លះអាចរហូតដល់១ឆ្នាំក៏មាន។
ដោយឡែកមន្ត្រីជំនាញនិងស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធ ក៏បានលើកឡើងថា បញ្ហានេះក៏មានកត្តាអសកម្ម ពីប្រជាពលរដ្ឋខ្លួនឯងផងដែរ ដោយសារតែដាក់ឯកសារ ខ្វះការទំនាក់ទំនងបាន ឬយឺតយ៉ាវពីបុគ្គលខ្លួនឯងផ្ទាល់ និងកត្តាមួយទៀតបញ្ហាខ្វះមន្ត្រីបំពេញការងារ ខណៈដែលទំហំការងារកាន់តែច្រើន ឯការផ្តល់សេវាជូនពលរដ្ឋកាន់តែមានទំហំទ្វេរឡើង និងមិនអាចឆ្លើយតបបានទាន់ពេលវេលា។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា កិច្ចការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីនេះ គឺពាក់ព័ន្ធតាំងពីម្ចាស់ដីរហូតដល់អ្នកសម្រេច ដែលមានរយៈពេលវែងនិងកំណត់ដោយនីតិវិធីអនុវត្ត មានបរិបថទំនាក់ទំនង និងពាក់ព័ន្ធជាមួយគ្រប់ស្ថាប័ន ចំពោះកិច្ចការងារនេះ ក៏មិនមែនស្ថាប័នណាមួយធ្វើម្នាក់ឯងបាននោះទេ។ សូមធ្វើការក្រើនរំលឹកបន្ថែមដល់អាជ្ញាធរ ក្រុង ស្រុកនិងមន្ត្រីភូមិបាលនិងមន្ទីរជំនាញ ត្រូវយកកំណត់យកចំណុចនីតិវិធីណា ដែលត្រូវធ្វើឲ្យបានលឿនបានឆាប់ក្នុងការផ្តល់សេវា ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ងួន រតនៈ បានជំរុញឲ្យអាជ្ញាធរស្រុកក្រុង និងមន្ត្រីភូមិបាល ត្រូវចុះទៅពង្រឹងនិងធ្វើការផ្សព្វផ្សាយពីច្បាប់ភូមិបាល ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន មានការយល់ដឹងអំពីតួនាទីភារកិច្ចរបស់ពួកគាត់ ជាមួយនឹងនីតិវិធីដីធ្លី៕ ដោយ៖អ៊ុងសារុំ