ខេត្តស្វាយរៀង ៖ ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យស្វាយរៀង និងវិទ្យាល័យ ហ៊ុនសែន ចេក អ្នកស្ម័គ្រចិត្តកាកបាទក្រហម បានសហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះណែនាំអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ដល់អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់មើលក្រោយ អ្នកបើកបររថយន្តមិនពាក់ខ្សែក្រវាត់ គំនូសសញ្ញាឈប់ ទៅមុខនៅពេលភ្លើងសញ្ញាអាទិភាព ដែលប្រារព្ធធ្វើនៅទីតាំង៣កន្លែងរួមមាន៖ ចំណុចរង្វង់មូលផ្លូវហាយវ៉េ, ភ្លើងស្តុបសួនតាឌី និងកែងផ្ទះសំណាក់សមាគមន៍នារី ។
ក្រុមការងារបានធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្រោមប្រធានបទ ការពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងស្លាកសញ្ញាចរាចរណ៍ ការឆ្លើយសំណួរយករង្វាន់ មួកសុវត្ថិភាព អាវយឺតជាដើម។
លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបង្កនូវផលលំបាកដ៏ធ្ងន់ធ្ងរ ដល់សង្គមជាតិ ដោយបានបំផ្លាញទាំងទ្រព្យសម្បត្តិ ទាំងអាយុជីវិត និងបន្សល់ទុកនូវជនរងគ្រោះ ជនពិការ ក្មេងកំព្រា ស្ត្រីមេម៉ាយ គ្រួសារក្រីក្រ ។ ល ។ បញ្ហាទាំងនេះ បានទទួលការយកចិត្តទុកដាក់ទីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការបង្កើតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រព័ន្ធព័ត៌មានជនរងគ្រោះ និង គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គោលនយោបាយ និងផែនការសកម្មភាពជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ ឆ្នាំ ហើយការផ្សព្វផ្សាយនាពេលនេះ ក្នុងគោលបំណងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នាទាំងអ្នកបើកបរ និង អ្នករួមដំណើពីក្រោយ គ្រប់ពេលវេលាដែលធ្វើចរាចរណ៍ តាមដងផ្លូវតាមរយៈម៉ូតូ ដើម្បីធានាសុវត្ថិភាព កុំឲ្យមានរបួសក្បាលបណ្តាលឲ្យស្លាប់បើគ្មានមួកសុវត្ថិភាព កុំបើកបរ និងជិះពីក្រោយ ។ ទទន្ទឹមនោះ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿនកំណត់ និងត្រូវបំពេញលក្ខខណ្ឌយានជំនិះរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដូចជាកញ្ចក់មើលក្រោយ ចង្កៀងបំភ្លឺភ្លើងសញ្ញាបត់ ។ល។
លោកបានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាឃាតករសម្លាប់ជីវិតមនុស្ស នៅលើដងផ្លូវសាធារណៈជាច្រើនបំផុត និងបង្កឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពសាធារណៈក្នុងប្រទេសកម្ពុជា ដែលមានមនុស្សស្លាប់ និងច្រើនពាន់អ្នកផ្សេងទៀតរងរបួសធ្ងន់ ស្រាល ធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិកាច្រើនរយលានដុល្លារ ។ ដោយមើលឃើញពីស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននឹងជំរុញឲ្យមានអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះសហការជាមួយមន្ត្រីចរាចរណ៍ផ្លូវគោក នៅតាមចំណុចគោលដៅ ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការណែនាំឲ្យអ្នកបើកបរទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ។
ក្នុងយុទ្ធនាការនេះសាខាបានចែកមួកសុវត្ថិភាពចំនួន ១១០ មួក អាវយឺត ១៨០ អាវ ខិត្តប័ណ្ណផ្សព្វផ្សាយ ៥០០ សន្លឹក ដោយមានអ្នកចូលរួម ផ្សព្វផ្សាយ និងឆ្លើយ សំណួរសរុប ២៩៣ នាក់ ស្រី ៧២ នាក់ ៕ដោយ៖ វ៉ៃកូ