ខេត្តស្វាយរៀង ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា បានជំរុញឲ្យអាជ្ញាធរខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បន្តចាត់វិធានការឆ្លើយតប ឱ្យបានទាន់ពេលវេលា និង ធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរមកពីក្រៅប្រទេសចូលខេត្ត ។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០នេះ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយ គណៈប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដឹកនាំដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា។
លោកអភិបាលខេត្ត បានថ្លែងនូវការអំណរគុណចំពោះប្រតិភូ ក្រសួងសុខាភិបាល ដែលបានឆ្លៀតពេលដ៏មមាញឹក ចុះបំពេញបេសកកម្មនៅខេត្តស្វាយរៀង ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ការទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជា ប្រទេសកម្ពុជាជួបប្រទះសព្វថ្ងៃ។
លោកអភិបាលខេត្តបានបន្តថា សព្វថ្ងៃដោយសារយើងមានថ្នាក់ដឹកនាំ ប្រកបដោយយុទ្ធសាស្ត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកបានដាក់ចេញនូវវិធានការឆ្លើយតប ទៅនឹងសភាពការណ៍ជាក់ស្តែងទើបប្រទេសកម្ពុជា យើងមិនទទួលរងឥទ្ធិពលខ្លាំង ដោយសាជំងឺកូវីដ១៩នេះ ក្នុងនោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ។
លោកស្រីរដ្ឋលេខាធិការ បានថ្លែងនូវការកោតសសើរ ចំពោះការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀត ដែលក្រសួងសុខាភិបាល បានជូនដំណឹងជាបន្តបន្តបន្ទាប់នាពេលកន្លងមក ក្នុងនោះក្នុងនាមក្រសួងសុខាភិបាល ក៏សូមអបអរសាទរប្រជាជាពលរដ្ឋខេត្តស្វាយរៀង គិតមកត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ពុំទាន់រកឃើញករណីវិជ្ជមាន ទៅលើប្រជាពលរដ្ឋណាមួយឡើយ។
លោកស្រីបានបន្តថា ក្នុងនាមក្រសួងសុខាភិបាល មានជំនឿយ៉ាងមុតមាំថា រដ្ឋបាលខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅតែបន្តចាត់វិធានការឆ្លើយតប ឱ្យបានទាន់ពេលវេលាទៅដូចជា ការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរមកពីក្រៅប្រទេសចូលខេត្ត និងវិធានការចាំបាច់មួយចំនួនទៀត ជាពិសេសបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត និងបន្តជំរុញការផ្សព្វផ្សាយដល់ពលរដ្ឋ ភ្ញៀវ ទេសចរ ឲ្យរក្សាបាននូវវិធានអនាម័យ ដោយការលាងដៃនឹង សាប៊ូ អាល់កុល ពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព ដោយត្រូវសម្របខ្លួនទៅនឹងរបត់ថ្មី នៃបរិបទសង្គមបច្ចុប្បន្ននេះ៕ដោយ៖ វ៉ៃកូ