បាត់ដំបង ៖ ឯកឧត្តមបណ្ឌិសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ការសិក្សារបស់កុមារតូចៗនឹងមានការរីកចម្រើននិងធ្វើជាគំរូ មូលដ្ឋានគ្រឹះនៃការផ្សព្វផ្សាយទ្រឹស្តីទៅដល់ខេត្តដទៃទៀត នៅក្នុងប្រទេសកម្ពុជាដែលចាត់ទុកការរៀនតាមរយៈការលេង និងបរិស្ថាន គឺជាគន្លឹះដ៏សំខាន់សម្រាប់ការរីកលូតលាស់ ផ្នែកបញ្ញា ស្មារតី និងអារម្មណ៍របស់កុមារ។
ការលើកឡើងនេះ ក្នុងឱកាសសម្ពោធបើកឲ្យដំណើរការគម្រោងការកសាងមូលដ្ឋានគ្រឹះ នៃការអនុវត្តទ្រឹស្តី រៀនតាមរយៈ
ការលេងនិងបរិស្ថាន ដោយផ្អែកលើកម្មវិធីមត្តេយ្យសិក្សារដ្ឋនៅក្នុងប្រទេសកម្ពុជា ក្រោមកម្មវិធីភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដែលបានប្រព្រឹត្តធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង។
ឯកឧត្តមបណ្ឌិសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ថា ការធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិត និងការអប់រំកុមារតូចប្រកបដោយប្រសិទ្ធភាព គឺជាបញ្ហាបន្ទាន់ សម្រាប់ពិភពលោកទាំងមូល។ ពិធីសម្ពោធបើកឲ្យដំណើរការគម្រោង ក្រោមកម្មវិធីភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)នៅពេលនេះ ពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់កម្ពុជា និងដោយឡែកសម្រាប់ខេត្តបាត់ដំបងផងដែរ។
តាមរយៈកិច្ចសហការគម្រោងSVA ក្នុងកម្មវិធីភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានបញ្ជា
ក់ឲ្យដឹងថា អង្គការសន្តិស្ម័គ្រចិត្តSVA បានអនុវត្តនូវគម្រោងមួយឈ្មោះថា “ធ្វើឲ្យប្រសើរឡើងនូវគុណភាពអប់រំកុមារតូច ក្នុងសាលាមត្តេយ្យសិក្សារដ្ឋក្នុងខេត្តបាត់ដំបង តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ ក្រោមកម្មវិធីភាពជាដៃគូជាមួយJICA ជប៉ុនចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។ ការបញ្ជ្រាបនូវទ្រឹស្តី” រៀនតាមរយៈការលេងនិងបរិស្ថាន” គឺជាគន្លឹះធ្វើឲ្យកុមារនឹងទទួលបាននូវការរីកចម្រើនទាំងបំណិន ទាក់ទងនិងសតិបញ្ញា និងបំណិនមិនទាក់ទងនិងសតិបញ្ញា តាមរយៈការលេងយ៉ាងសកម្មជាមួយមិត្តភក្តិ។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការរៀនបំណិនដទៃផងដែរ។
លោក ស៊ុហ្គោណុ យូអ៊ីជី តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA បានមានប្រសាសន៍ផ្តោតថាការរំពឹងទុក ការសិក្សារបស់កុមារតូច ក្នុងខេត្តបាត់ដំបងនឹងមានការរីកចម្រើននិងធ្វើជាគំរូ មូលដ្ឋានគ្រឹះនៃការផ្សព្វផ្សាយទ្រឹស្តីនេះទៅដល់ខេត្តដទៃទៀត នៅក្នុងប្រទេសកម្ពុជានឹងត្រូវបានបង្កើតតាមរយៈការដឹកនាំរបស់ក្រសួងអប់រំ យុវជននិងកីឡានឹងការគាំទ្រដ៏ស្មោះស្ម័គ្ររបស់អង្គការSVA។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបាតដំបង បានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំសិក្សា ២០១៩-២០២០នេះ ខេត្តបាត់ដំបងមានសាលារៀនសរុប ចំនួន១.៤៤៨សាលា។ មានសិស្សសរុប២៨១.១២១នាក់ (ស្រី១៣៩.៩៧៥នាក់) មានអគារសិក្សាចំនួន១.៧១០ខ្នងស្មើនឹង៧.៣០៩បន្ទប់។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងបានកំណត់នូវវិស័យធំៗចំនួន៥ នៃស្តង់ដារសិក្សាសម្រាប់កុមារតូចៗ ក្នុងនោះមានការអភិវឌ្ឍ រូបរាងកាយ ការអភិវឌ្ឍសីលធម៌និងវប្បធម៌ ការអភិវឌ្ឍសង្គមនិងអារម្មណ៍ ការអភិវឌ្ឍការយល់ដឹងនិងការពិចារណា និងការអភិវឌ្ឍភាសារ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តនិងដៃគូអនុវត្តគម្រោងSVA ដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៊ុនJICA ដែលបានផ្តល់ជំនួយនិងកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យនៅកម្ពុជា និងជាពិសេសផ្តោតការគាំទ្រពេញទំហឹង ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដោយឡែកក្នុងខេត្តបាត់ដំបងតែម្ដង។ ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសកុមារ គឺជាដំណើរការមួយដែលពាក់ព័ន្ធនឹងវិស័យជាច្រើន។ ក្នុងការអភិវឌ្ឍទាំងនេះ បើវិស័យមួយអភិវឌ្ឍវាអាចជំរុញឲ្យវិស័យមួយទៀតអភិវឌ្ឍបានដូចគ្នា៕ ដោយ៖អ៊ុងសារុំ