Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំខ្លួន​អ្នកទោស​ចិនតៃវ៉ាន់​ម្នាក់ មក​សាកសួរ​បន្ថែម​ពាក់ព័ន្ធ​ករណី​នាំ​គ្រឿងញៀន ប្រមាណ​ជាង ២០០ គីឡូ និង​សារធាតុ​ផ្សំ​ជាង​៣​តោន ចូលមក​កម្ពុជា​

​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​រាជធានី​ភ្នំពេញ លោកស្រី ស៊ លី​ណា បានចេញ​ដីកា​បង្គាប់​ឱ្យ​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​(​ម​១) នាំខ្លួន​ជន​ត្រូវ​ចោទ ជា​ជន​ជាតិចិន​ម្នាក់ មក​សាកសួរ​បន្ថែម ពាក់ព័ន្ធ​ការចោទប្រកាន់​ពីបទ​ផលិត រក្សាទុក កែច្នៃ ជួញដូរ នឹង​ដឹកជញ្ជូន​ប្រមាណ​២០០​គីឡូក្រាម និង សារធាតុ​ផ្សំ​ជាង​៣​តោន កាលពី​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០២០​។​

​ជន​ត្រូវ​ចោទ​មានឈ្មោះ QIANG LIANG ភេទ​ប្រុស ជា​ជន​ជាតិចិន​(​ហ្វីលីពីន​) អាយុ​៥៦​ឆ្នាំ​បាន​ចោទ ប្រកាន់ ពីបទ​ផលិត រក្សាទុក កែច្នៃ ជួញដូរ នឹង​ដឹកជញ្ជូន ចំណែក​ជនជាតិខ្មែរ​ឈ្មោះ ហ្វុ​ង ហា​ឡុ​ក ភេទ​ប្រុស ចោទប្រកាន់​ពីបទ​រក្សាទុក ជួញដូរ នឹង​ដឹកជញ្ជូន​គ្រឿងញៀន​ដោយ​ខុសច្បាប់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃទី​២៨ ខែកក្កដា​ឆ្នាំ​២០២០ ។​

​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន កណ្តាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ បានចេញ​ប្រតិបត្តិ​ការបង្ក្រាប ករណី​រក្សាទុក និង ជួញដូរ​គ្រឿង​មួយ​ករណី ដោយ​ចាប់បាន​ឧក្រិដ្ឋជន​២ នាក់ ក្នុងចំណោម​មួយក្រុម​ដែល​រួមគ្នា ប្រព្រឹត្ត​បទល្មើស​ជា​ប្រព័ន្ធ ដោយមាន គម្រោង​ការដឹក​ថ្នាំញៀន​ឆ្លងដែន ចេញពី​ប្រទេស​មី​យ៉ាន​ម៉ា ឆ្លងកាត់​ប្រទេស​ឡាវ និង​ថៃ ចូលមក​កម្ពុជា​ប្រមាណ​ជាង​២០០ គីឡូក្រាម និង​សារធាតុ​ផ្សំ ជាច្រើន​គីឡូ ក្នុង​គោលបំណង​នាំ​បន្ត​ទៅកាន់​កោះ​តៃវ៉ាន់ ប្រទេស​ចិន ។​

​ប្រភព​បន្តថា ក្រោយពេល​សម​ត្ត​កិច្ច​នគរបាល​ជំនាញ​ទទួលបាន​ព័ត៌មាន​ជាក់លាក់​នៅ ថ្ងៃខែ​ខាងលើនេះ បានដាក់​កម្លាំង​ពួនស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហ្វុ​ង ហា​ឡុ​ក ជនជាតិខ្មែរ នៅ​ចំណុច​មុខ​ខុន​ដូ​បាលី​រី​ស្សត​៣ ផ្លូវ​កែវ​ចិន្តា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដែល​រូបគេ​បាន​ទៅ​ចាំ​យក​អីវ៉ាន់​(​ថ្នាំញៀន​)​ដាក់​តាម​រថយន្ត​ពី​ក្រុមហ៊ុន​មួយ ។​

​បន្ទាប់​ចាប់​ជនជាតិខ្មែរ​ម្នាក់​នោះ​ហើយ សមត្ថកិច្ច​បន្តទៅ​ឃាត់​ជន​ជាតិចិន​ម្នាក់ទៀត ដែលមាន​ឈ្មោះ QIANG LIANG នៅ​ចំណុច​ផ្លូវ​លេខ​១០៥K មុខ​វត្ត​តាំង​កសាង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​គួរ​បញ្ជាក់ថា នៅពេល​ឃាត់ខ្លួន​មុខសញ្ញា​ទាំង​២​នាក់​ខាងលើនេះ​រួចមក សម​ត្ត​កិច្ច បាន​នាំខ្លួន​ជនសង្ស័យ​ទៅ​ឆែកឆេរ​បន្ទប់​មួយ នៅ​ជា​ន់ទី​៣០ នៃ​អា​ផាត់​មិន​បាលី​រី​ស្សត​២ ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​បាន​រកឃើញ​សារធាតុ​ញៀន ឧបករណ៍ និង​សម្ភារ រួមទាំង​សារធាតុ​ផ្សំ​ផលិត​គ្រឿងញៀន​មួយចំនួនធំ ដែល​ក្រុម​ជនឧក្រិដ្ឋ រក្សា ទុក​សម្រាប់​កែច្នៃ​ផលិត​គ្រឿងញៀន​៕​ដោយ​៖ ឡេង​បញ្ញា​ឬ​ទ្ធិ​

×