ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងដោយស្នើអញ្ជើញប្រជាពលរដ្ឋកម្ពុជា ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិ ទៅទស្សនាសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ដើម្បីស្វែងយល់បន្ថែមនិងរំលឹកឡើងវិញ ពីសោកវិនាសកម្មនៃសង្គ្រាមនៅលើមាតុភូមិនេះ។
បើតាមលោកហេង រតនានាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានបញ្ជាក់ក្នុងផេកហ្វេសប៊ុក កាលពីថ្ងៃទី២ខែកុម្ភៈថា វប្បធម៌ ចាក់ចោលអង្ករ យកអង្កាម ពិតជាអាចកើតមាននៅសង្គមកម្ពុជាទៀតមែនទេ? តើប្រជាជនកម្ពុជាសុខចិត្តបោះចោលសន្តិភាព បែរជាចូលរួមចលនា បង្កចលាចលសង្គមមែនទេ? សន្តិភាពដែលរកបានមកវិញយ៉ាងលំបាកបំផុត ក្រោយពីសង្គ្រាមឆាបឆេះលើមាតុភូមិជាង៣០ឆ្នាំ ដែលបានសម្លាប់កូនខែ្មររាប់លាននាក់ (ប្រមាណជាង៣លាន៨សែននាក់) និងបំផ្លាញខ្ទេចខ្ទីគ្មានសល់នូវហេដ្ឋារចនាសម្ពន្ធ័រូបវន្ត ព្រមទាំង ស្មារតី មនសិកា និងដួងព្រលឹងខែ្មរ។ យើងត្រូវរួមគ្នាជាកម្លាំងថាមពល ក្នុងការកសាងប្រទេសជាតិឡើងវិញ ដែលសម្ពាយលំបាកនេះធ្លាក់មកលើមនុស្សជំនាន់នេះ ដើម្បីទ្រោលដោះស្រាយនិងប្រកួតប្រជែងជាមួយជាតិសាសន៍ដទៃ ដើម្បីធានាភាពសុខដុមរមនាកម្មសង្គមនៃមនុស្សជំនាន់នេះនិងជំនាន់ក្រោយៗទៀត។
បើតាមអគ្គនាយកស៊ីម៉ាក់ ៖ ប្រទេសជាតិគ្មានគ្រោះអាសន្ន ឬកលិយុគអ្វីទេ។ គ្មានការចាំបាច់តំរូវឱយមានចលនាសង្គ្រោះបន្ទាន់នោះទេ។ ទង្វើចលនាណាមួយ គ្រាន់តែជាក្រុមឧទ្ទាមគាំទ្រដោយបរទេសដើម្បីបង្កអសន្តិសុខសង្គម ចលនាចលសង្គម និងឈានទៅរកសង្គ្រាមស៊ីវិលជាថ្មីមិនខានឡើយ។ ភស្តុតាងមានជាឧទាហរណ៍ជាក់ស្តែងនៅប្រទេសកំពុងមានសង្គ្រាមលើលោកនេះមានស្រាប់ហើយ។ សូមពឹងផ្អែកជាតិសាសន៍ខ្លួនឯង មិនមែនអាងបរទេសនោះទេ ពង្រឹងភាពជាម្ចាស់ លើជោគវាសនាជាតិសាសន៍ខ្លួន គ្មានជាតិសាសន៍ណា ពឹងផែ្អកតែលើជាតិសាសន៍ដទៃ ហើយក្លាយជារដ្ឋឯករាជ្យនោះទេ។
សូមបញ្ជាក់ថា សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ស្ថិតនៅទីក្រុងសៀមរាប ខេត្តសៀមរាប ដែលទើបតែបង្កើតឡើង ជាដំបូងនៅកម្ពុជាផ្តោតសំខាន់ ទៅលើគោលដៅជាចម្បង លើយុវជនដើម្បីឲ្យពួកគេបានសិក្សាស្វែងយល់ ពីផលលំបាកពេលឆ្លងកាត់សង្គ្រាម ។ សារមន្ទីរនេះ សម្ពោធជាផ្លូវការនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ សារមន្ទីរនេះ ដើម្បីតម្កល់ទុកឯកសារ ស្រាវជ្រាវប្រវត្តិសង្គ្រាម នៅកម្ពុជាពាក់ព័ន្ធយុទ្ធភណ្ឌ មិនទាន់ផ្ទុះដែលស៊ីម៉ាក់ បានធ្វើនៅភូមិ៤៦ភាគរយ នៅកម្ពុជា សម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយ ស្វែងយល់ពីផលលំបាក សំណល់ជាតិផ្ទុះសល់ពីសម័យសង្គ្រាម និងចង់បង្ហាញពីការខិតខំ របស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយជូនប្រជាពលរដ្ឋ ។ សារមន្ទីរនេះ មានទីតាំងសំខាន់ៗដូចជា សាលបង្ហាញពីប្រភេទគ្រាប់មីន បង្ហាញពីសម្ភារៈបរិក្ខារ ដែលធ្លាប់ប្រើប្រាស់កម្ទេចគ្រាប់មីន បង្ហាញពីសម្ភារៈដែលទទួលរង ការបំផ្លាញគ្រាប់មីន ដូចជាត្រាក់ទ័រ គោយន្ត និងចំការមីនសិប្បនិម្មិត ដែលធ្វើជាសមរភូមិប្រយុទ្ធ ។
បើតាមផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជាដែលបានឆ្លងកាត់សង្គ្រាម និងការផ្លាស់ប្តូរពីរបបមួយទៅមួយ គឺបានដឹង និងយល់ច្បាស់នូវលទ្ឋ ផលសង្គ្រាម។ ពិតណាស់ គឺកម្ពុជាឆ្អែតនឹងសង្គ្រាម។ ប្រសិនបើគ្មានសង្គ្រាម និងរបបប្រល័យពូជសាសន៍ គឺកម្ពុជាពិតជារីកលូតលាស់យ៉ាងខ្លាំង។ ដោយសារសង្គ្រាមជាច្រើនទសវត្សរ៍កន្លងមកនេះ គឺបានបន្សល់ទុកនូវគ្រាប់មីនជាច្រើនកប់ក្រោមដី ដែលធ្វើឲ្យប្រជាពលរដ្ឋបានស្លាប់ និងរបួសពិការ។ ទន្ទឹមនឹងនេះ គ្រាប់មីនគឺបានរារាំងដល់ការដាំ ដុះដំណាំកសិកម្មរបស់ ប្រជាពលរដ្ឋផងដែរ។ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីននេះ មានការរៀបចំដាក់បង្ហាញអំពី ប្រវត្តិសង្គ្រាម សកម្មភាព ក្នុងសង្គ្រាម ការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងការអភិវឌ្ឍ ក្រោយពេលបោស សំអាតសំណល់ជាតិផ្ទុះរួច។ សារមន្ទីរនេះ គឺមានប្រយោជន៍ខ្លាំងណាស់ សម្រាប់យុវជន យុវតីជំនាន់ ដែលកើតមិនទាន់សង្គ្រាម ដើម្បីសិក្សាស្វែងយល់អំពីសង្គ្រាម និងផលប៉ះពាល់នានា ដែលបានកើតមានឡើងនៅក្នុងប្រទេសយើង៕ ដោយ៖បញ្ញាស័ក្តិ