Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​វិធានការ​៥​ចំណុច ការពារ​ការ​ផ្ទុះឡើង​ជំងឺគ្រុនឈាម​

spot_img

ភ្នំពេញ​៖ ក្រសួង​សុខាភិបាល បានចេញ​សេចក្តី​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់រូប ត្រូវ​ចូលរួម​ចំណែក អនុវត្ដ​វិធានការ​៥​ចំណុច ដើម្បី​ការពារ​ពី​ជំងឺគ្រុនឈាម ដែល​នឹង​មាន​ការ​ផ្ទុះឡើង នឹង​រាតត្បាត​នៅ​ឆ្នាំ​២០១៨​នេះ​។​

​លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ដ្រ និង​បាណក​សាស្ដ្រ នៃ​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា​វិធានការ​រួម​មាន​៖ ១៖ អនុវត្ដ​វិធានការ​បង្ការ​ជំងឺគ្រុនឈាម តាម​ការណែនាំ​របស់​ភ្នាក់ងារ​សុខាភិបាល សារ​អប់រំ​សុខភាព ដែល​មាន​បិទ​បង្ហាញ​តាម​គ្រឹះស្ថាន​សុខាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង ដូចជា​វេបសាយ វិទ្យុ ទូរទស្សន៍ កាសែត​។ ២៖ សូម​ចូលរួម​កំចាត់​ដង្កូវទឹក​មូស​ខ្លា និង​ធានា​ថា មិន​មាន​ដង្កូវទឹក នៅក្នុង​បរិវេណ​ផ្ទះសំបែង តាមរយៈ​៖ កម្ទេចចោល និង​លុបបំបាត់ចោល នូវ​រាល់​វត្ថុ​ដក់​ទឹក ដែល​មិន​ប្រើប្រាស់ ដូចជា សំបក​កង់ឡាន កង់​ម៉ូតូ សំបក​កំប៉ុង ធុង ក្រឡ ពាង អាង ដែល​មិន​ប្រើប្រាស់ សំបក​ដប សំបក​ដូង និង​វត្ថុ​អាច​ដក់​ទឹក​ដទៃទៀត ដែល​នៅ​ជុំវិញ​បរិវេន​ផ្ទះ​របស់​លោក​អ្នក​។​ល​។ ត្រូវ​លាង​សម្អាត​សម្ភារៈ ឬ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ សម្រាប់​ស្ដុក​ទឹក ឲ្យបាន​ពីរដង ក្នុង​មួយ​សប្ដាហ៍ ឬ​ដាក់​ថ្នាំ​អា​បែ​ត ត្រី​ប្រាំពីរ​ពណ៌ ឬ​គ្រប​ឲ្យបាន​ត្រឹមត្រូវ​នូវ​ពាង អាងទឹក ធុង ក្រឡ ថូ​ផ្កា ចាន​ទ្រ​ជើង​ទូ​។​ល​។ ៣៖ ត្រូវ​កំចាត់​សត្វ​មូស​ខ្លា តាមរយៈ​រៀបចំ​សម្ភារៈ ក្នុង​ផ្ទះសំបែង​ឲ្យមាន​សណ្ដាប់ធ្នាប់ ធ្វើយ៉ាងណា​ឲ្យមាន​ពន្លឺ​ចាំង​ចូល​ក្នុង​ផ្ទះ​បាន​ល្អ លុបបំបាត់ កំប៉ូត​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ និង​ចូលរួម​សហការ​ជាមួយ​ភ្នាក់ងារ​សុខាភិបាល ក្នុងករណី​មានការ​បាញ់ថ្នាំ​សម្លាប់​មូស​។ ៤៖ ត្រូវ​ការពារ​ខ្លួន ក្នុងការ​ខាំ​ចម្លង​របស់​មូស​ខ្លា​ញី តាមរយៈ​៖ ដេក​ក្នុង​មុង (​ទាំង​ថ្ងៃ​យប់​) ស្លៀកពាក់​ខោអាវ​វែង មិន​ត្រូវ​អង្គុយ ឬ​សំរាក​នៅ​កន្លែង​ដែល​មិន​មាន​ពន្លឺ​គ្រប់គ្រាន់​នោះទេ ។​ល​។ និង​៥៖ ត្រូវ​រូស​រាន់​ស្វែងរក សេវា​ថែទាំ​សុខភាព ដែល​នៅ​ជិត​អ្នក​បំផុត ដូចជា មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ក្នុង​ករណី​ក្រុម​គ្រួសា​រណា​ម្នាក់ របស់​អ្នក​មាន​សញ្ញា ឬ​ស​ញ្ញណ​ជំងឺ ដូចជា​ក្ដៅខ្លួន (​ក្ដៅខ្លួន​ខ្លាំង​ភ្លាមៗ ៣៩​អង្សា​សេ​ឡើង​) និង​សញ្ញា​បន្ទាប់​បន្សុំ​ផ្សេងទៀត ដូចជា មុខ​ក្រហម ឈឺក្បាល ឈឺ​ក្រោម​ក្រឡង់​ភ្នែក ឈឺ​សាច់ដុំ ឬ​សន្លាក់ ឈឺ​ខ្លួន ស្នាម​កន្ទួល​ក្រហម​ជាដើម ។​

​លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល បាន​ថ្លែងថា គ្រប់​ករណី​សង្ស័យ​ជំងឺគ្រុនឈាម មិន​ត្រូវ​សាកល្បង​ព្យាបាល​ដោយ​ខ្លួនឯង ឬ​ការប្រើប្រាស់​ថ្នាំ​ប្រភេទ អាស្ពីរីន​ឬ​អ៊ី​ប៉ុយ​ព្រូ​ហ្វែ​ន ជាដាច់ខាត និង​មិន​ត្រូវ​ស្វែងរក សេវា​ថែទាំ​សុខភាព​ណា ដែល​មិន​មាន​ជំនាញ​វិជ្ជាជីវៈ ពិនិត្យ​ព្យាបាល​ជំងឺគ្រុនឈាម​ឡើយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×