ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលខ្ចីម៉ូតូគេមកជិះចេញពីផ្សារចំបក ឡើងមកភ្នំពេញ ដើម្បីទិញគ្រឿងបន្លាស់ម៉ូតូ បែរជាជិះម៉ូតូជ្រុលទៅបុកគូទរថយន្តដឹកដែក របស់ក្រុមហ៊ុនអូដ្ឋ របួសធ្ងន់ធ្ងរខ្លាំងបាក់ក ជិតមួយម៉ោងទើបស្លាប់ ។ ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត២០-២១ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ប្រាក់ សែនជ័យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិស្លែង ឃុំគោព្រិច ស្រុកគីរីវង់ ខេត្តតាកែវ (ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ) ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានខ្ចីម៉ូតូរបស់មិត្តភក្តិដែលជាជាងម៉ូតូដូចគ្នា ម៉ាក HONDA C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GV-1250 ជិះចេញពីកន្លែងធ្វើម៉ូតូនៅផ្សារចំបក ស្រុកបាទី ខេត្តតាកែវ ឡើងមកភ្នំពេញដើម្បីទិញគ្រឿងបន្លាស់ម៉ូតូ ក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នា លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តដឹកដែករបស់ក្រុមហ៊ុនអូដ្ឋ ពណ៌ទឹកក្រូច ម៉ាក HINO ពាក់ស្លាកលេខ ព្រះសីហនុ 3A-2216 កំពុងបើកបរនៅខាងមុខម៉ូតូ ស្របទិសគ្នា ពេលនោះក៏មានដុំថ្មជាប់កង់រថយន្ត ទើបអ្នកបើកបរវាយស៊ីញ៉ូខាងស្តាំ អែបខាងឈប់ដើម្បីគាស់ដុំថ្មចេញ ហើយក៏ត្រូវជនរងគ្រោះជិះម៉ូតូមកបុកគូទរថយន្តពេញទំហឹង បាក់កទាំងពាក់មួកសុវត្ថិភាព រយៈពេលជិត ១ម៉ោងក៏ស្លាប់តែម្តង ។ ចំណែកអ្នកបើកបររថយន្ត បានគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖មីដា ផាន់ណា