បាត់ដំបង ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បានបើកប្រកួតកីឡាបាល់ទាត់ផ្នែកយុវនារី ក្រោមអាយុ២០ឆ្នាំចំនួន៨ ក្រុម មកពីឃុំ ស្រុកក្រុងចំនួន៨ប្រកួតតាមពូលនីងវិលជុំ ដើម្បីឈានទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមជ័យលាភី ប្រាក់លាន។
ការបើកការប្រកួតបាល់ទាត់នារីនេះ បានធ្វើឡើងចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៣ខែសីហា ឆ្នាំ២០២០ នៅទីលានបាល់ទាត់ក្នុងបរិវេណសាលាតាគ្រាម ក្រោមអធិបតីភាពឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ឯកឧត្ត អ៊ុយ សុធាវី អភិបាលរងខេត្តជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងលោកជំទាវ សុខ ចន្ធីរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ពិធីបើកការប្រកួតកីឡាបាល់ទាត់នារីនេះដែរ រៀបចំឡើងដោយ ឯកឧត្តម ឃុន សំបូរ ប្រធានក្រុមការងារចុះជួយឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជាសមាជិក សមាជិកា ស.ស.យ.ក អាជ្ញាធរស្រុកឃុំនិងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។
ឯកឧត្តម ឃុន សំបូរ ប្រធានក្រុមការងារចុះជួយឃុំតាគ្រាមស្រុកបាណន់ បានមានប្រសាសន៍ថា គោលបំណងបង្កើតឲ្យមាននូវព្រឹត្តិការណ៍បើកការប្រកួតកីឡានេះ ដើម្បីលើកកម្ពស់វិស័យកីឡានៅមូលដ្ឋាន គឺជាឱកាសក្នុងការផ្តល់នូវកម្លាំងចិត្ត និងចង់ជួយលើកទឹកចិត្តដល់ក្មួយៗនិងប្អូនៗជាយុវជន យុវនារី ដែលជាទំពាំងស្នងឫស្សី និងអនាគតដែលជាអ្នកបន្តវេន ក្នុងការដឹកនាំប្រទេសឲ្យចេះស្រឡាញ់ និងជួយគាំទ្រវិស័យកីឡាជាតិ ក៏ដូចជានៅក្នុងមូលដ្ឋានរបស់ខ្លួន និងប្រទេសជាតិ ដើម្បីគាំទ្រវិស័យកីឡានិងធ្វើឲ្យសតិបញ្ញាស្មារតីយុវជនយើងកាន់តែមានភាពស្វាហាប់ កម្លាំងកាយមាំមួន ភ្លឺថ្លាស្រស់បំព្រង ហើយវិស័យកីឡាធ្វើឲ្យយុវជនយើង ចេះស្រឡាញ់គ្នា ចេះរួបរួមសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក ហើយការហាត់និងលេងកីឡា គឺវាថែមទាំងធ្វើឲ្យរូបរាងកាយយើង មានសុខភាពល្អ ថែមទៀតនិងចៀសផុតឲ្យនៅឆ្ងាយពីគ្រឿងញៀនផងដែរ។
ឯកឧត្តម ឃុន សំបូរប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំតាគ្រាម បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗដែលជាកីឡាការិនី ត្រូវចូលរួមប្រកួត ត្រូវលេងឲ្យមានកាយោគយល់គ្នា ក្នុងស្មារតីភាតរភាពចេះអត់ឱន និងអត់ធ្មត់ក្នុងការប្រកួតដោយប្រកាន់យកការយោគយល់ ចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសនៃការប្រកួត។
សូមបញ្ជាក់ថា រង្វាន់ជ័យលាភីប្រាក់លាន ដែលក្រុមកីឡាការិនីជាប់ចំណាត់ថ្នាក់លេខ១ ក្នុងនោះ ត្រូវទទួលបានថវិកាចំនួន៤លានរៀល។ ជ័យលាភីចំណាត់ថ្នាក់លេខ២ថវិកាចំនួន ៣លានរៀល។ ចំណាត់ថ្នាក់លេខ៣ ថវិកាចំនួន ២លានរៀល។ ដោយឡែករង្វាន់លើកទឹកចិត្តដល់ក្រុមដែលមិនទទួលបានចំណាត់ថ្នាក់ ក្នុងក្រុមនីមួយៗបានថវិការង្វាន់ ចំនួន ៧០ម៉ឺនរៀលផងដែរ៕ ដោយៈអ៊ុងសារុំ