បាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលជនដៃដល់ ក្នុងករណីប្រើហិង្សា បណ្តាលឱ្យស្លាប់ជនរងគ្រោះនគរបាលស្រុកសំឡូត ដោយសារមូលហេតុបណ្តាលមកពីផឹកស្រាស្រវឹងឈ្លោះប្រកែកគ្នា យកកាំបិតចាក់ទៅលើជនរងគ្រោះ ត្រូវបាននគរបាលឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធីនិងច្បាប់។
ពីថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង១៩ និង ៤០នាទី នៅចំណុចក្រុមទី៨ ភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីហិង្សា ដោយចេតនាបណ្តាលឱ្យស្លាប់ជនរងគ្រោះមួយកើតឡើងដែលករណីនេះ បង្កឡើងដោយជនសង្ស័យ ឈ្មោះសុខ ភេទ ភេទ ប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមឃុំកើតហេតុខាងលើ បានយកកាំបិតចាក់ទៅលើជនរងគ្រោះ ឈ្មោះ សេង គឹមលី ភេទ ប្រុសអាយុ៣៥ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ចំនួន២កាំបិតត្រង់ពោះ បណ្តាលឱ្យស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តបាត់ដំបង (មូលហេតុបណ្តាលមកពីផឹកស្រាស្រវឹងឈ្លោះប្រកែកគ្នា)។
តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធីនិងច្បាប់៕ដោយ៖កូឡាប