ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ស្រាប់តែងោកមួយភាំង ងើបមកបួងចង្កូតមិនទាន់ ហោះទៅបុកបង្គោលភ្លើងបាក់អស់មួយដើម សំណាងណាស់ដែលមិនរងរប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលរួមដំណើរតាមផ្លូវ រងការខូចខាតតែរថយន្ត និងបង្គោលភ្លើង ១ដើម។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៣ និង ៥០ នាទីទៀបភ្លឺ ឈានចូលថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្ត បានបញ្ជាក់ថា គាត់បានបើករថយន្តម៉ាក TACOMA មួយគ្រឿង ដែលពាក់ផ្លាកលេខ កណ្តាល 2A 8795 ធ្វើដំណើចេញពីផ្ទះប្រុងមកយកបន្លែផ្សារដើមគរយកទៅលក់ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានងោកមួយភាំង រួចបានបួងចង្កូតចេញដែរ តែមិនទាន់ក៏ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាឲ្យបាក់អស់មួយដើម ។
តែសំណាងណាស់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនមាននាក់រងរបួស និងស្លាប់ទេ គ្រាន់តែរងការខូចខាតតែរថយន្ត និងបាក់បង្គោលភ្លើងអស់មួយដើម។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញបានទាក់ទង ទៅខាងចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តទៅរក្សាទុក នៅខាងចរាចរណ៍ក្រុងរង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ សា មេត