Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​ឯកជន​៖ ការចរចា​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​កូរ៉េ ជាការ​បើក​ច្រក​ឱ្យ​កម្ពុជា​ពង្រីក​សក្តានុពល ក្នុងការ​នាំចេញ​អង្ករ​របស់​កម្ពុជា​

​ភ្នំពេញ​៖ វិស័យ​ឯកជន បាន​មើលឃើញថា ការចរចា​ពាណិជ្ជកម្ម​សេរី​រវាង កម្ពុជា​-​កូរ៉េ គឺជា​ការបើក​ច្រក​ឱ្យ​កម្ពុជា​ពង្រីក​សក្តានុពល​នាំចេញ​អង្ករ​របស់ខ្លួន ទទួលបាន​ជោគជ័យ​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើកឡើងថា សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​បើកផ្លូវ​ឱ្យ​កម្ពុជា​ពង្រីក​នូវ​សក្តានុពល ការនាំចេញ​អង្ករ​របស់ខ្លួន ក៏ដូចជា​កេរ្តិ៍ឈ្មោះ​អង្ករ​របស់​កម្ពុជា​។
​ដើម្បី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​កូរ៉េ នឹង​ចាប់​ចរាចរណ៍​នាពេលខាងមុខ ដ៏​ខ្លី​នេះ ក្រសួងពាណិជ្ជកម្ម បានធ្វើ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ផ្តល់ និង​ទទួល​ព័ត៌មាន​ជាមួយ​វិស័យ​ឯកជន មុន​ឈាន​ឆ្ពោះទៅរក​កិច្ចចរចា​ជា​ផ្លូវការ​។

​ឯកឧត្តម ស៊ីម សុខ​ខេង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ បានឱ្យដឹង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​ថា ការចរចា ជាមួយនឹង​កូរ៉េ នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​ការចរចា​នេះ ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បង្ហាញថា កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៤២៦.០៧៣ តោន ក្នុង​រយៈពេល ៧​ខែ នៅក្នុង​ឆ្នាំ​២០២០ ដែល​គិត​ជា​កំណើន មាន​ប្រមាណ​ជា ៣៨.៣៣% ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩​។

​បើតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចំពោះ​កំណើន​នៃ​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០២០​នេះ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ នេះ​គឺ​ដោយសារ​៖ ១- តម្រូវការ​ស្បៀង​ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ នៅតាម​បណ្តា​ប្រទេស​នាំចូល​, ២-​ការថយចុះ​នៃ​អត្រាពន្ធ​នាំចូល​របស់​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ សហគមន៍​អឺរ៉ុប​ពី ១៧០​អឺរ៉ូ មក ១៥០​អឺរ៉ូ​, ៣-​បរិមាណ និង​សុពលភាព​នៃ​កូតា​នាំចូល​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​ចិន​នៅមាន​ចំនួន​ច្រើន រួម​នឹង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទៅកាន់​ទីផ្សារ​ហុងកុង អូស្ត្រាលី រុស្ស៊ី និង ញូ​ហ្សេ​ឡេ​ន​ជាដើម​, ៤-​ការធ្វើ​ពិពិធ​កម្ម​ប្រភេទ​អង្ករ ពី​អង្ករ​កិន​ធម្មតា​ទៅរក​ទីផ្សារ​អង្ករសម្រូប អង្ករ​សរីរាង្គ​, ៥-​ការរក្សាបាន​កំណើន​ទីផ្សារ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ប្រទេស​ប្រ៊ុយណេ និង ប្រទេស​ហ្កា​ប៊ុង ដែល​ប្រទេស​ទាំងបី​នេះ​កាន់កាប់​ចំណែក​ទីផ្សារ​ប្រទេស​កម្ពុជា ជិត​១៥% នៃ​បរិមាណ​អង្ករ​នាំចេញ​សរុប​»៕
​ដោយ​៖CEN


×