ខេត្តកំពង់ចាម: ទន្លេអុំគឺមានប្រវត្តិទាក់ទងទៅទៅហ្នឹងអតីតកាលរាប់ពាន់ឆ្នាំមកហើយដែលមានទឹកសម្រាប់ទូកកាណូតបើកឆ្លងកាត់តែមកដល់សព្វថ្ងៃរីងស្ងួតមិនមានទឹកនោះទេ។ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត បានអភិវឌ្ឍន៍តំបន់មួយនេះនៅជាយក្រុងកំពង់ចាមឱ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍មួយសម្រាប់មនុស្សមកកំសាន្តលេងទាំងព្រឹកល្ងាចនិងយប់ បន្ទាប់ពីសួនកំសាន្តត្រូវបានស្ថាបនារួចរាល់និងមានទឹកសម្រាប់ជិះទូកកំសាន្តលេងដោយអាចទាក់ទងមនុស្សម្នាមកពីគ្រប់ទិសទី។
លោកធួន វិថាវិន វិស្វករនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តបានឲ្យដឹងនាល្ងាចថ្ងៃទី២៣តុលាឆ្នាំ២០២៥ថា: ក្នុងពេលដែលឯកឧត្តមអ៊ុន ចាន់ដា មកកាន់តំណែងជាអភិបាលខេត្តកំពង់ចាមគឺបានប្រឹងប្រែងអភិវឌ្ឍន៍ក្នុងនោះមានកសាងវិមានឯករាជ្យថ្មីសម្លាងស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម
សម្រាប់រៀបចំកម្មវិធីផ្សេងៗ ជាមួយនោះក៏មានបងប្អូនប្រជាពលរដ្ឋខ្លះតែងតែមកអង្គុយលំហែកាយនៅលើបង់បេតុងនៅចិញ្ចើមថ្នល់ ខ្លះទៀតហាត់ប្រាណដើម្បីឲ្យសុខភាពរឹងមាំ។
វិស្វកររូបនេះបានប្រាប់បន្តហើយដឹងទៀតថាជាក់ស្ដែងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្តបានដឹកនាំក្រុមការងារអញ្ជើញចុះទីតាំងគម្រោងអភិវឌ្ឍន៏មានសួនកំសាន្ត នៅជាប់នឹងផ្លូវថ្នល់ជាតិលេខ៧ចាស់ ដែលមានប្រវែង៥៦០ម៉ែត្រ ក្នុងនោះក៏មានរូបសំណាក់ អំពូលបំភ្លឺពេលរាត្រី គ្រោងនិងចាប់ដំណើរការសាងសង់ដើមឆ្នាំ ២០២៦ខាងមុខ ដោយរំពឹងថានឹងរួចរាល់១០០% នៅក្នុងឆ្នាំ២០២៧។
ក្នុងនោះមានក្រាលការូណា ដាំដើមឈើជាច្រើនសម្រាប់ផ្ដល់ម្លប់ដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកកំសាន្តលេង។ សូមបញ្ជាក់ថានៅទន្លេអុំរដូវប្រាំងគឺមិនមានទឹកនោះទេហើយនៅក្នុងរដូវវស្សានេះគឺមានទ្វារទឹកសម្រាប់ស្ទាក់ទឹកភ្លៀង ដែលហូរពីតាមបណ្ដាស្រុកមួយចំនួនធ្លាក់មកក្នុងតំបន់នេះដោយត្រូវស្តុកទឹកទុកឲ្យបានកាន់តែច្រើនឡើងសម្រាប់ប្រយោជន៍ ប្រែក្លាយជាតំបន់រមណីយដ្ឋានមួយទៀតនៅក្នុងក្រុងកំពង់ចាម ។
សូមបញ្ជាក់ថាក្រោមនយោបាយឈ្នះឈ្នះ!របស់សម្ដេចតេជោសែន បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពពាសពេញប្រទេស មានការអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធតាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយាលជាមួយនោះប្រជាពលរដ្ឋអាចធ្វើដំណើរបាន ២៤ម៉ោងលើ២៤ម៉ោង ដោយមិនព្រួយបារម្ភឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយបានដោយងាយស្រួល៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី









