ស្ទឹងត្រែង ៖សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តស្ទឹងត្រែង ចុះពិនិត្យទីតាំងនេសាទខុសច្បាប់ ចំនួន ៩កន្លែង និងដកហូតត្រីត្រសក់ មួយក្បាលមានទម្ងន់រហូតដល់ទម្ងន់៩ គីឡូក្រាម និងត្រីខ្យា មួយក្បាល កាលពីរសៀលថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២០ ត្រង់ចំណុចអូរអញ្ជាង ស្ថិតក្នុងភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ឯកឯក វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា នៅរដូវនេះ គឺជារដូវបិទនេសាទ តែសកម្មភាពនេសាទខុសច្បាប់ នៅតែកើតមានតាមទីដាច់ស្រយាលមួយចំនួន ជាហេតុធ្វើឲ្យបាត់បង់នូវពូជត្រីសំខាន់ៗ ។
លោកវរសេនីយ៍ឯកឯក បានបន្តទៀតថា ការចុះស្វែងរកទីតាំងនេសាទខុសច្បាប់ ខាងលើនេះ សមត្ថកិច្ចបានរកឃើញទីតាំង ដាក់ឆ្នុកខុសច្បាប់ ក្នុងអូរចំនួន៩កន្លែង នៅក្នុងអន្លង់អភិរក្សរបស់សហគមន៍ សាមគ្គីរុងរឿង និងបានដកហូតឧបករណ៍នេសាទខុសច្បាប់ មួយចំនួន និងប្រភេទ ត្រីកម្រ ចំនួនពីរក្បាល គឺត្រីខ្យាមួយក្បាល និងត្រីត្រសក់ មួយក្បាលនៅស្រុកសេសាន ខេត្តស្ទឹងត្រែង។
ចំណែកខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋភូមិទី១ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានរួមចំណែកជាពលរដ្ឋល្អក្នុងការថែរក្សាការពារ និងរួមចំណែកអភិរក្សពូជត្រីគល់រាំង ពូជត្រីធំដែលជាត្រីជិតផុតពូជ ទំងន់៥៤ គីឡូក្រាម ក្រោយពីនេសាទបាន លែងចូលក្នុងដែនទឹកធម្មជាតិវិញ៕ ដោយ:សុខុម