មនុស្សយ៉ាងហោចណាស់ចំនួន ១៣នាក់បានស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នា ក្នុងរដ្ឋធានី Lima ប្រទេសប៉េរ៉ូ ខណៈពេលដែលប៉ូលីសចុះបង្ក្រាបក្លឹបកម្សាន្តមួយកន្លែង ហើយអ្នកចូលរួមព្យាយាមរត់គេចចេញ។
កាលពីថ្ងៃសៅរ៍ល្ងាច មានអ្នកតេទៅប្រាប់ប៉ូលិសឲ្យទៅកាន់តំបន់ Thomas Restobar ស្ថិតក្នុងទីក្រុងរបស់ប៉េរ៉ូ ដើម្បីឲ្យបិទក្លឹបកម្សាន្តខុសច្បាប់មួយកន្លែង ដែលនៅទីនោះមានមនុស្សជាង ២០០នាក់កំពុងជប់លៀង។
វិធានការគម្លាតសង្គមកំពុងត្រូវបានអនុវត្តនៅក្នុងប្រទេសប៉េរ៉ូ ហើយការប្រមូលផ្តុំទ្រង់ទ្រាយធំត្រូវបានហាមឃាត់ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19។
ប៉េរ៉ូជាប្រទេសមួយក្នុងចំណោមប្រទេសនៅតំបន់អាហ្វ្រិចឡាទីន ដែលរងការវាយប្រហារខ្លាំងពី COVID-19 ដោយប្រទេសនេះមានអ្នកឆ្លងវីរុសសរុបជាង ៥៧៦.០០០នាក់ ខណៈដែលអ្នកស្លាប់មានជាង ២៧.០០០នាក់។
នៅក្នុងសេចក្តីប្រកាសផ្លូវការ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ប៉ូលិសមិនបានប្រើប្រាស់អាវុធ ឬឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបោសសម្អាតទីតាំងនោះឡើយ។
នៅពេលមនុស្សម្នាចាប់ផ្តើមរត់ចេញពីជាន់ទី ២ ដើម្បីរត់គេចពីប៉ូលិស ពួកគេបានបុកគ្នានៅលើជណ្តើរ។
ប៉ូលិសបញ្ជាក់ទៀតថា ពួកគេបានចាប់ផ្តើមធ្វើការស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណម្ចាស់ក្លឹបនោះ និងអ្នកទទួលខុសត្រូវក្នុងការរៀបចំពិធីជប់លៀងនោះ។ មនុស្សចំនួន ២៣នាក់ត្រូវបានចាប់ខ្លួន។
ក្រសួងក៏បានសម្តែងការសោកស្តាយផងដែរ ដែលមនុស្ស ១៣នាក់បានស្លាប់ដោយសារតែការមិនទទួលខុសត្រូវរបស់ម្ចាស់អាជីវកម្មខិលខូច៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ CNN