ខេត្តស្វាយរៀង ៖ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានឱ្យដឹងថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលស្រុកបានសហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានធ្វើការផ្សព្វផ្សាយ ស្តីពីជំងឺឆ្លងសត្វពាហនៈ គោ ក្របី និងវិធានការការពារជូនដល់ប្រជាពលរដ្ឋ ដែលកំពុងចិញ្ចឹមផងដែរ ។
លោកអភិបាលស្រុកចន្ទ្រា បានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា ដោយអនុវត្តតាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត និងដោយមានការចង្អុលបង្ហាញផ្ទាល់ ពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងការចុះផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីលោក ហ៊ុន សារ៉េតថន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកចន្ទ្រា លោកមេឃុំសំរោង ពេទ្យសត្វឃុំ និងមេភូមិ ។ ជាមួយនោះ លោកក៏បានណែនាំដល់ម្ចាស់សត្វដែលមានគោ ក្របី ឈឺ និងងាប់ ដែលសង្ស័យជំងឺសាទឹក ឱ្យបាញ់ថ្នាំសម្លាប់មេរោគ ចែកថ្នាំសម្លាប់មេរោគតាមគ្រួសារដែលមានសត្វឈឺ ក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ។
លោកអភិបាលស្រុកចន្ទ្រា បានបន្តថា គិតចាប់ពីថ្ងៃ២០ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ មានសត្វក្របីឈឺ ចំនួន ៣ក្បាល និងកំពុងព្យាបាល ពុំមានងាប់ទេ សរុបពីមុនមក មានចំនួន ៧៧ក្បាល ព្យាបាលជា ៥២ក្បាល កំពុងព្យាបាល ៤ក្បាល ព្យាបាលមិនជាលក់ចេញ និងងាប់១៧ក្បាល ។
ក្រុមការងារអន្តរាគមន៍ជំងឺឆ្លងសត្វគោ ក្របី បានអនុវត្តតាមការណែនាំរបស់លោកអភិបាលស្រុក ក៏បានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងឃុំសំរោង ដើម្បីចាក់វ៉ាក់សាំងការពារជំងឺឆ្លង បាញ់ថ្នាំជីវសុវត្ថិភាព និងព្យាបាលដល់គោ ក្របីរបស់ប្រជាពលរដ្ឋផងដែរ ៕ដោយ៖ វ៉ៃកូ