ភ្នំពេញ ៖ សម្រាប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ បទល្មើសចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន១៣លើក/ពេលយប់៥លើក បានបណ្តាលឱ្យមនុស្សស្លាប់៧នាក់/ស្រី៤នាក់ (ល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់/មិនប្រយ័ត្ន) និងរបួសសរុប២៧នាក់/ស្រី១១នាក់ (របួសធ្ងន់១៧នាក់/ស្រី៧នាក់)។
គ្រោះថ្នាក់ចរាចរណ៍ទាំងនោះដោយ មូលហេតុប្រមូលផ្តុំរួមមាន បើកបរលើសល្បឿន មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រើប្រាស់ទូរស័ព្ទពេលបើកបរ ស្រវឹង បត់គ្រោះថ្នាក់ ងងុយ ប្រជែងគ្រោះថ្នាក់ កត្តាយាន ។
នៅថ្ងៃដដែលនេះដែរ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន៧០២គ្រឿង ក្នុងនោះមានម៉ូតូ៥៤៤គ្រឿង ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ជិះបញ្ច្រាស មិនគោរពសិទ្ធិ និងប្រើប្រាស់ទូរស័ព្ទដៃ។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន អត់ប័ណ្ណបើកបរ អត់ពាក់ខ្សែក្រវាត់ ល្មើសសញ្ញា ប្រើប្រាស់ទូរស័ព្ទ អត់ផ្លាកលេខ ជាដើម។
ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវភាគច្រើន ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕ ដោយ៖កូឡាប