ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូម៉ាកនិចមួយគ្រឿង ក្នុងល្បឿនលឿនក៏បានជ្រុលទៅបុកនឹងកង់បីឥណ្ឌា ក្រឡាប់ផ្ងាជើងរួចខ្ទាតទៅប៉ះនឹងរថយន្តម៉ាកព្រូស កំពុងតែឈប់ចាក់សាំង បណ្ដាលឱ្យរងរបួសម្នាក់ បញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 4 និង 00 នាទីទៀបភ្លឺថ្ងៃអង្គារទី 25 ខែសីហា ឆ្នាំ 2020 ត្រង់ចំណុចមុខណាហ្គា ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ កង់បីឥណ្ឌា កំពង់តែឈប់នៅនឹងស្តុប រីឯរថយន្តម៉ាកព្រូស ពណ៌ស ដែលពាក់ផ្លាកលេខ ភ្នំពេញ 2BB 94 30 កំពុងតែឈប់ចាក់សាំង ស្រាប់តែគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកនិចមួយគ្រឿង ក្នុងល្បឿនលឿនដូចហោះដែលពាក់ផ្លាកលេខ 1Y 40 29 ក៏ជ្រុលទៅបុកកង់បីឥណ្ឌា ក្រឡាប់ផ្ងារជើង រួចទៅប៉ះ និងរថយន្តព្រូសមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ រីឯម្ចាស់ម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះមកដល់ រួចក៏ព្យាយាមសម្របសម្រួលទៅដល់ភាគីទាំងបី ជាចុងក្រោយ គឺម្ចាស់ម៉ូតូម៉ាកនិចសង ជាសំណងក្នុងជួសជុលការខូចខាត ទៅលើរថយន្ត និងកង់បីឥណ្ឌាបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ៕ដោយ៖សាមេត