ភ្នំពេញ៖ យុវជនម្នាក់បានបើករថយន្តម៉ាកហាយឡិនឌ័រមួយគ្រឿង គេចពីម៉ូតូកង់បី ក៏ជ្រុលចង្កូតទៅបុកទ្រូងផ្លូវ បណ្ដាលឱ្យខ្ទាតទៅប៉ះរ៉ឺម៉កមួយគ្រឿងទៀត រងការខូចខាត ចំណែករថយនុ្តវិញក្រឡាប់ផ្ងារជើង។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង 3 និង 30 នាទីទៀបភ្លឺថ្ងៃអង្គារទី 25 ខែសីហា ឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវ 289 សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហាយឡិនឌ័រ ពណ៌សមួយគ្រឿង បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរម្នាក់ ដែលពាក់ស្លាកលេខភ្នំពេញ 2 2AT 35 25 បើកក្នុងទិសដៅពីត្បូងមកជើង ខណៈពេលដែលជិតដលកន្លែងកើតហេតុ បានបួងចង្កូតគេចពីម៉ូតូកង់បី រួចបានបួងចង្កូតជ្រុលទៅបុកថ្មពុះចែងផ្លូវពេញទំហឹង ខ្ទាតទៅបះនឹងរ៉ឺម៉ករងការខូចខាត ចំណែករថយន្តវិញក្រឡាប់ផ្ងារជើងឡើងលើ តែសំណាងបានបងប្អូនប្រជាពលរដ្ឋជួយលើកឡើងវិញ។
សូមបញ្ជាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកទ្រូងផ្លូវនេះ មិនមានអ្នករងរបួស និងស្លាប់ទេ គឺរងការខូចខាតតែរថយន្ត និងថ្មពុះចែកផ្លូវមួយកង់ និងរ៉ឺម៉កមួយគ្រឿងទៀត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ បានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តទៅរក្សាទុក នៅស្នងការក្រុងរង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ សា មេត