ករណីបង្គោលភ្លើងបាក់រលំយ៉ាងងាយៗ មិនមែនទើបកើតឡើងថ្មីៗនេះទេ គឺករណីបង្កការរិះគន់នេះបានកើតឡើងរាប់ភ្លេចទៅហើយ កាលពីពេលកន្លងៗមក ជាពិសេសនៅក្នុងរដូវវស្សានេះដែលមានភ្លៀងខ្យល់។
ជាការពិតណាស់ អ្វីដែលនាំឲ្យមហាជននាំគ្នារិះគន់ខ្លាំងនោះ គឺត្រង់ថា បង្គោលភ្លើងដែលបានបាក់ទាំងនោះ ភាគច្រើនគឺសុទ្ធសឹងតែគ្មានដែកសរសៃនោះទេ ដែលជាហេតុធ្វើឲ្យប្រឈមនឹងការងាយបាក់រលំបែបនេះតែម្តង។
ជាក់ស្តែង ករណីបែបនេះ បានកើតឡើងទៀតហើយ ដោយបង្គោលភ្លើងអគ្គិសនី១ដើមមានដែក១សរសៃមិនបានប៉ុនចុងចង្កឹះផងស្ថិតនៅស្តុបចុងកៅស៊ូ ខេត្តសៀមរាប បានបាក់រលំគួរឲ្យរន្ធត់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ ប៉ុន្តែ សំណាងល្អហើយ ដែលពុំបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។
ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋបានរិះគន់ថា បង្គោលសាងសង់ឡើងខ្វះស្តង់ដាបច្ចេកទេស ពោលគឺពុករលួយធ្វើគ្មានគុណភាពតែម្តង៕ ដោយ៖ លឹម ហុង