Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ព្រួយបារម្ភ ពី​បញ្ហា​ឆ្លង​ជំងឺគ្រុនឈាម ខណៈ​មាន​មូស​ច្រើន​ខុសប្លែក ពី​រាល់​ឆ្នាំ​នៅ​បាត់ដំបង​

​បាត់ដំបង ៖ ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង បាន​ព្រួយបារម្ភ​ពី​បញ្ហា​ឆ្លង​ជំងឺគ្រុនឈាម ខណៈ​មាន​មូស​ច្រើន​ខុសប្លែក​ពី​រាល់​ឆ្នាំ​នៅ​បាត់ដំបង ទោះបីជា​ជំងឺគ្រុនឈាម មិនមាន​ការកើតឡើង​ច្រើន​ដូច​ឆ្នាំ​កន្លងទៅ ប៉ុន្តែ​សត្វ​មូស​ច្រើន​ខុសប្លែក​ជាង​រាល់​ឆ្នាំ​។​

​ពលរដ្ឋ​នៅ​ខេត្តបាត់ដំបង បាន​ប្រាប់​លើកឡើងថា នៅ​រដូវវស្សារ​នេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ហើយ​ធ្វើ​ឲ្យ​ស្មៅ​និង​ដើមឈើ​តូចធំ ដុះ​ឡើង​យ៉ាង​ស៊ុបទ្រុប​នៅ​ជុំវិញ​ផ្ទះ រួមទាំង​មានទឹក​ដក់​តាម​ក្រឡុក​តូចៗ ដែល​បញ្ហា​នេះ​ពួកគាត់​ក៏បាន​ខិតខំ​ជម្រះ​ស្មៅ កាប់​ដើមឈើ​តូចធំ រួមទាំង​បោស​សម្អាតផ្ទះ​ដូច​រាល់​ឆ្នាំ​ផងដែរ ប៉ុន្តែ​សត្វ​មូស​កើតឡើង​ច្រើន បង្ក​ការរំខាន​ដល់​ការរស់នៅ​។ ទោះបី​ឆ្នាំនេះ នៅក្នុង​តំបន់​ពួកគាត់​រស់នៅ មិនទាន់មាន​ការឆ្លង​រីក​រាលដាល​ច្រើន​នូវ​ជំងឺគ្រុនឈាម ប៉ុន្តែ​នៅតែមាន​ការព្រួយបារម្ភ​ជាខ្លាំង ខណៈ​ការបង្ការ ការទប់ស្កាត់​និង​ការបំផ្លាញ​សម្បុក​សត្វ​មូស ពិសេស​មូស​ខ្លា មិនមាន​ប្រសិទ្ធភាព​។​

​លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា វិធានការ នៃ​ការទប់ស្កាត់​ការឆ្លង​ជំងឺគ្រុនឈាម​នេះ មន្ទីរ​បានផ្ដល់​នូវ​ថ្នាំ​អា​ប៊ែ​ត ទៅតាម​ស្រុក​ប្រតិបត្តិ ដើម្បី​បាញ់ថ្នាំ​បង្ការ តាំងពីដើម​រដូវវស្សា​រ​មកម្ល៉េះ ពិសេស​ស្រុក​ដែល​កំពុង​ផ្ទុះ​ច្រើន​នូវ​ការឆ្លង​ជំងឺគ្រុនឈាម​។ សម្រាប់​ការទប់ស្កាត់​មិន​ឲ្យ​មូស​កើតឡើង​ច្រើន​នេះ មន្ទីរ​ក៏បាន​ណែរ​នាំ​អប់​រំជា​បន្តបន្ទាប់ ដល់​ពលរដ្ឋ​ក្នុងការ​បំផ្លាញ​សម្បុក​មូស​ខ្លា មាន​លុប​ក្រឡុក​ទឹកតូចៗ កប់​សម្បក​កងឡាន ពាងទឹក​ត្រូវមាន​គម្រប់​ត្រឹមត្រូវ រួមទាំង​វិធានការ​មួយចំនួនទៀត ដែល​ពលរដ្ឋ​ត្រូវអនុវត្ត​ដោយ​ខ្លួនឯង ប៉ុន្តែ​បើ​តំបន់​ពួកគាត់​រស់នៅ មានការ​សង្ស័យ​ឆ្លង​ជំងឺគ្រុនឈាម​ច្រើន ក៏ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​ឬ​មន្ត្រី​សុខាភិបាល ក្នុង​ការចុះទៅ​បាញ់ថ្នាំ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការរីក​រាលដាល​ច្រើន​ករណី​។​

​គួរ​បញ្ជាក់ថា កាល​ឆ្នាំ​២០១៩ ករណី​ជំងឺគ្រុនឈាម​នៅក្នុង​ខេត្តបាត់ដំបង មាន​កើតឡើង​ច្រើន​និង​មាន​ករណី​ស្លាប់​ទៀតផង ប៉ុន្តែ​នៅ​ឆ្នាំ​២០២០​នេះ ការឆ្លង​ជំងឺគ្រុនឈាម​មានការ​ថយចុះ​និង​ពុំមាន​ករណី​ស្លាប់​នោះទេ​៕ ដោយ ៖ អ៊ុង​សា​រុំ​


×