ភ្នំពេញ៖ ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា កម្ពុជាទទួលបានទឹកប្រាក់ប្រមាណជាង ១,៣ ពាន់លានដុល្លារ ពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃទៅទីផ្សារអន្តរជាតិ នៅក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០នេះ។
ទិន្នន័យ បានបង្ហាញទៀតថា ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ ២០២០ កម្ពុជាបាននាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ទៅទីផ្សារក្រៅប្រទេស ក្នុងតម្លៃសរុប ១ ៣១៤ លានដុល្លារ ស្មើនឹងទម្ងន់សរុប ៣៦ ៨០៣ គីឡូក្រាម ឬ ២៥ ៥៦៣ គ្រឿង។ ជាមួយគ្នានេះ ក្នុងរយៈពេល ៦ ខែឆ្នាំនេះដែរ កម្ពុជាក៏បាននាំចូលគ្រឿងអលង្ការ និងត្បូងមានតម្លៃ ក្នុងតម្លៃប្រមាណ ៣៨៣,៣២ លានដុល្លារស្មើ ២៨ ៨៤៤ គីឡូក្រាម ឬ ៦៤០ ២២២ គ្រឿង។
ប្រទេសសិង្ហបុរី គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជាតាមពីក្រោយដោយប្រទេសថៃ វៀតណាម បែលហ្ស៊ិក ជប៉ុន អ៊ីតាលី និងប្រទេសចិន។
បើតាមក្រសួងពាណិជ្ជកម្មប្រទេសថៃ សិង្ហបុរី កាណាដា បែលហ្ស៊ិក និងហុងកុង គឺជាទីផ្សារនាំចូលធំជាងគេរបស់កម្ពុជា។
គួរបញ្ជាក់ថា គ្រឿងអលង្ការ និងត្បូងមានតម្លៃ ដែលកម្ពុជានាំចេញ មានដូចជា គជ់ធម្មជាតិ ឬគជ់ចិញ្ចឹម ត្បូងថ្មមានតម្លៃ លោហៈធាតុមានតម្លៃ លោហធាតុស្រោបដោយលោហៈមានតម្លៃ និងគ្រឿងអលង្ការកាឡៃ និងកាក់ជាដើម៕
ដោយ៖CEN