ភ្នំពេញ៖ នេះជាហេតុការណ៍គ្រោះថ្នាក់ដ៏ហួសចិត្តមួយ បានធ្វើឲ្យមនុស្សជាច្រើនសម្តែងនូវការអាណិតដល់រថយន្តជាខ្លាំង ព្រោះថានេះមិនខុសពីទង្វើប្រៀបបានដែលមនុស្សមានចិត្តដ៏ឃោរឃៅ ប្រើសត្វឲ្យអូសរទេះដឹកលើសកម្លាំង រហូតទាល់តែគ្នាដេកដួលនៅនឹងកន្លែងនោះទេ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹក១គ្រឿងដែលជួបគ្រោះថ្នាក់ខ្លួនឯងនេះ បានចេញដំណើរពីក្បាលថ្នល់ចម្ងាយ ១៥០ ម៉ែត្រ ដោយដឹកអង្ករចំនួន ១៥ តោន បានជួបគ្រោះថ្នាក់បាក់ដុំក្រោយ នៅលើផ្លូវតេជោ៦០ម៉ែត្រ កាលពីវេលាម៉ោង ១២ និង៤៥ នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។ សំណាងហើយ ដែលគ្រោះថ្នាក់នេះពុំបណ្តាលឲ្យប៉ះពាល់ដល់អ្នកដំណើរ។
តាមរយៈរូបភាពនេះផងដែរ អ្នកលេងបណ្តាញសង្គមបានសម្តែងការហួសចិត្ត ដោយរិះគន់យ៉ាងដូច្នេះថា៖ «ដាក់ទាល់តែគ្នាទៅមុខលែងរួច, ចង់ចំណេញតែដាច់សំណង ដាក់មិនគិតសោះហ្មង, ឡានតែពីរតានកន្លះទេ តែដាក់ដល់១០តោន ជោគជ័យ, ធ្លាក់ទាំងស៊ីម៉ាំងទៀត គួរឲ្យអាណិតឡានណាស់លោកអើយ, ឡានស្រុកយើងភាគច្រើនគឺចឹង មិនគិតពីបញ្ហាអ្វីឡើយ ឱ្យតែដាក់បាន គឺដាក់ហើយងាប់ចោល,…» ៕ ដោយ៖ លឹម ហុង