ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួសម និងស្វែងយល់អំពីសក្តានុពល និងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងស្ថានទូតសហរដ្ឋអាមេរិក។
មានប្រសាន៍ទៅកាន់ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្តានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មព្រមទាំងការងាររបស់អង្គការសង្គមស៊ីវិលជាមួយរដ្ឋបាលខេត្តផងដែរ ជាពិសេសលោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង បានផ្តល់ការងារ ធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងមកពីតាមបណ្តាខេត្តជាង៨ម៉ឺននាក់ ។
ទន្ទឹមនោះលោកអភិបាលខេត្តបានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្នក្នុងកំឡុងពេលជំងឺកូវីដ១៩ ដូចជាការនាំទំនិញចេញចូលឆ្លងកាត់នៅព្រំដែនខេត្តស្វាយរៀង និងវៀតណាម ព្រមទាំងវិធីសាស្ត្រក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រដ្ឋបាលខេត្ត ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ។
លោក ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់អំពីសក្តានុពល និងសិក្សាលទ្ធភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងស្ថានទូតសហរដ្ឋអាមេរិក៕ដោយ៖ វ៉ៃកូ