ភ្នំពេញ ៖ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី” សមិទ្ធផលប្រព័ន្ធ ព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម”។
គោលបំណង នៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយអំពីសារសំខាន់និងអត្ថប្រយោជន៍ នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងវិស័យកសិកម្មនៅកម្ពុជា តាមរយៈកម្មវិធីទូរស័ព្ទ (Mobile Apps) ប្រព័ន្ធគេហទំព័ររបស់ក្រសួង និងបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក) ផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង នៃក្រសួងកសិកម្ម រុក្ខាមាញ់ និងនេសាទ បានឲ្យដឹងថា កម្មវិធីនេះបង្ហាញឲ្យយើងដឹងអំពីការចូលរួមចំណែក នៃបច្ចេកវិទ្យាក្នុងការអភិវឌ្ឍកសិកម្មដែលមានដូចជា គាំទ្រដល់ការរៀបចំយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជំរុញនវានុវត្តន៍ក្នុងវិស័យកសិកម្ម ការធ្វើកសិកម្មដោយនិរន្តរភាព ជំរុញទីផ្សារផលិតផលកសិកម្ម បង្កើនសមត្ថភាពក្នុងការធ្វើកសិកម្ម សុវត្ថិភាពចំណីអាហារនិងតាមដានខ្សែច្រវ៉ាក់ផលិតកម្ម ការគ្រប់គ្រងគ្រោះមហន្តរាយនិងការជូនដំណឹងជាមុន និងជំនួយដល់ការស្វែងរកការធានារ៉ាប់រង និងហិរញ្ញវត្ថុ។
ក្នុងនោះប្រព័ន្ធគេហទំព័រមានដូជា៖ (១) គេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ www.maff.gov.kh មានតំណភ្ជាប់ទៅគេហទំព័ររបស់មន្ទីរទាំង២៥រាជធានី-ខេត្ត២៥ (២). បណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (៣) ប្រព័ន្ធសេវាព័ត៌មានទីផ្សារ) www.amis.org.kh ឬ CAMAgriMarket និង(៤) គេហទំព័រផ្សព្វផ្សាយកសិកម្ម (Web Portal: www.khmeragri.info (៥) បណ្តាល័យកសិកម្មអេឡិចត្រូនិកដែលបានរក្សាទុកនិងចែករំលែកឯកសារ បច្ចេកទេសកសិកម្មសម្រាប់សាធារណៈជន elibrary.maff.gov.kh និងវីដេអូកសិកម្មថ្មីៗក្នុង YouTube ដែលមាន Channel: Cambodia Agriculture Video–MAFF។
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ស្ថិតក្នុងបរិបទថ្មី នៃការនិយមប្រើប្រាស់ទូរស័ព្ទឆ្លាតវៃក្នុងយុគសម័យឧស្សាហកម្ម៤.០ និងសេដ្ឋកិច្ចឌីជីថល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏បានបង្កើតឡើងនូវកម្មវិធីលើទូរស័ព្ទឆ្លាតវៃមួយចំនួនទៀតដើម្បីផ្តល់ភាពងាយស្រួល និងចែករំលែកព័ត៌មានអំពីវិស័យកសិកម្មទាំងមូលដល់សាធារណៈជន និងប្រជាកសិករ ដូចជា៖ កម្មវិធីទូរស័ព្ទរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ GDAHP App និងកម្មវិធីទូរស័ព្ទបណ្ណាល័យ កសិកម្មអេឡិចត្រូនិក (Agrilibrary) ដែលរាល់កម្មវិធីទូរស័ព្ទទាំងអស់បានដាក់ឲ្យដំណើរការនៅលើ iOS app store និងPlay Store (android) ។
លើសពីនេះទៅទៀតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែពិនិត្យមើលកាលានុវត្តភាពក្នុងទិសដៅបង្កើតកម្មវិធីផ្តល់ព័ត៌មាន ទិន្នន័យកសិកម្មនៅកម្ពុជា (Cambodia Agricultural Big Data Platform) និងប្រព័ន្ធត្រួតពិនិត្យ និងតាមដានផលិតផលកសិកម្មតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធតាមដានខ្សែច្រវ៉ាក់ផលិតផលកសិកម្ម (Agricultural Product Traceability System) សម្រាប់ពេលអនាគតផងដែរ៕
ដោយ៖CEN