Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ យកចិត្តទុកដាក់​លើ​ការស្ដារ​វិស័យ​ទេសចរណ៍​នាពេល នេះ និង​នៅក្រោយពេល​វិបត្តិ​កូ​វីដ ១៩

​ភ្នំពេញ​៖ ខណៈ​ការ​រា​ត្បា​តនៃ​ជំងឺ​កូ​វីដ​-១៩ នៅតែ​អូសបន្លាយ​អស់​ពេល​ជាច្រើន​ខែ​មកហើយ​នោះ បានធ្វើឱ្យ​វិស័យ​ទេសចរណ៍​ពិភពលោក​ជួប​នូវ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​ប្រទេស​ជាច្រើន​ក៏បាន​ខិតខំ​ប្រឹងប្រែង​ស្ដារ​វិស័យ​ទេសចរណ៍​របស់ខ្លួន​ខ្លាំង​ណាស់ដែរ ដោយ​ប្រទេស​ខ្លះ​អាច​ទប់ទល់​ស្ថានការណ៍​បាន រីឯ​ប្រទេស​ខ្លះទៀត​ក៏​ជួប​នូវ​ការបរាជ័យ​ទៅវិញ​ក៏មាន​។​

​ក្រុម​ប្រទេស​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ រួមមាន​៖ ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម បាន​បើក​កិច្ចប្រជុំ «The 1st Destination Mekong Summit» តាមរយៈ​ប្រព័ន្ធ​វីដេអូ​ខន់​ហ្វឺ​រិ​ន នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​ក្នុង​គោលបំណង​រួម គឺ​ធ្វើយ៉ាងណា​ត្រូវ​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ឱ្យបាន នា​កំលុងពេល និង​ក្រោយពេល​វិបត្តិ​កូ​វីដ​។​

​ថ្វី​ដ្បិត​កិច្ចប្រជុំ​នេះ​ជា​រឿង​របស់​ក្រុម​ប្រទេស​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ​ក៏ពិតមែន ប៉ុន្តែ​ក្នុងនោះ​ក៏មាន​អ្នកចូលរួម​ផ្សេងទៀត​មកពី​ជុំវិញ​ពិភពលោក ដែលមាន​ទាំង​ស្ថាប័ន​សាធារណៈ និង​ផ្នែក​ឯកជន​សរុប​ប្រមាណ ១,០០០​នាក់​។ ភាគី​កម្ពុជា​ត្រូវបាន​ដឹកនាំ​ការចូលរួម​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​ជាច្រើន​ជូន​អង្គប្រជុំ​អន​ឡាញ​នេះ​។​

​ប្រធានបទ​ដែល​បាន​លើក​យកមក​ពិភាក្សា គឺមាន​ដល់​ទៅ ១០​ជំពូក ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​ដែល​បានដាក់​ចេញ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ ការអនុវត្ត​គោលការណ៍​នៃ​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ពី​គោលដៅ​ទេសចរណ៍​មាន​សុវត្ថិភាព​ទៅកាន់​គោលដៅ​ទេសចរណ៍​ដែលមាន​សុវត្ថិភាព​មួយទៀត និង​កិច្ចពិភាក្សា​លើ​ការដោះស្រាយ​ផលប៉ះពាល់​វិបត្តិ​កូ​វីដ​១៩ និង​ការស្តារ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ឡើងវិញ​ជាដើម​។​

​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​លើក​បង្ហាញថា នៅ​ចំពោះ​ការតស៊ូ​ប្រយុទ្ធប្រឆាំង​ជាមួយ​បិសាច​កំណាច​កូ​វីដ​នេះ ប្រទេស​កម្ពុជា​មិនបាន​នៅ​ស្ងៀម​នោះឡើយ ដោយ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រោម​ការគាំទ្រ​ពី​សំណាក់​អង្គការ​សុខភាព​ពិភពលោក​ផង​នោះ បានដាក់​ចេញ​នូវ​វិធានការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​យ៉ាង​សស្រាក់សស្រាំ និង​មានការ​យកចិត្តទុកដាក់​ជាទីបំផុត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង ស្ថាប័ន អង្គភាព​នានា ព្រមទាំង​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​សកល​នេះ ក្នុងនោះ​ក្រសួងទេសចរណ៍​ក៏​តែង​ចេញ​ធ្វើ​សកម្មភាព​ជាប់​ជាប្រចាំ​នៅតាម​ដែន​សមត្ថកិច្ច​របស់ខ្លួន លើ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅតាម​តំបន់​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ម្ហូបអាហារ អាជីវកម្ម​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវគោក និង​ផ្លូវទឹក​។​

​ការខិតខំ​នេះ​គឺ​ដើម្បី​ធ្វើយ៉ាងណា​អាច​ស្ដារ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស​បាន​ខ្លះ ដើម្បី​ជួយ​កុំ ឱ្យ​ជួប​នូវ​វិបត្តិ​ដុនដាប​ខ្លាំងពេក ក្នុងនោះ​ក្រសួងទេសចរណ៍​បាន​ជំរុញឱ្យមាន​ចលនា​ទេសចរ​ក្នុងស្រុក​ខ្លះៗ ដោយ​ភ្ជាប់​ជាមួយ​ការពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំង​៦​ផ្នែក​ខាងលើ ដើម្បីឱ្យ​ដង្ហើម​វិស័យ​ទេសចរណ៍​ជាតិ​នៅតែ​អាចរ​ស់បាន​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន ថា​ក្រសួងទេសចរណ៍​តែង​បាន​ស្វែងរក​កិច្ចសហប្រតិបត្តិការ និង​កិច្ចសហការ​ពី​សំណាក់​ដៃគូ​ជាតិ​-​អន្តរជាតិ​នានា ដើម្បី​ពង្រឹង​ការអនុវត្ត​ការងារ​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍​របស់ខ្លួន​ជារឿយៗ​។​
​អ្វីដែល​គួរឱ្យកត់សម្គាល់​ក្នុង​កិច្ចប្រជុំ​នេះ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ជាច្រើន​បាន​សម្លឹង​ឃើញថា កម្រិត​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​នៅ​ក្រុម​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ គឺ​នៅមានកម្រិត​តិច​តូច​ជាង​តំបន់​ដទៃ ដែល​ទៅ​ថ្ងៃមុខ​គួរតែរៀបចំ​ឱ្យមាន​ទេសចរ​មកលេង​កម្សាន្ត​បាន ប៉ុន្តែ​ក៏ត្រូវ​តែ​ធានា​សុវត្ថិភាព​ទេសចរណ៍​ខ្ពស់ និង​ច្បាស់លាស់​ដែរ​។​
​ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រុម​ប្រទេស​ក្នុង​តំបន់​នេះ​មិនទាន់​ហ៊ាន​ទទួលយក​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​នៅឡើយ​ទេ ពីព្រោះ​ហានិភ័យ​ពី​ខាងក្រៅ​នៅមានកម្រិត​ខ្ពស់​នៅឡើយ គឺ​មានតែ​ភ្ញៀវទេសចរ​ក្នុងស្រុក​ខ្លះៗ​ប៉ុណ្ណោះ តួយ៉ាង​ដូចជា​កម្ពុជា ថៃ ចិន​ជាដើម​។​

​សម្រាប់​កម្ពុជា ទោះបី​មិនទាន់​អាច​ទទួលយក​ទេសចរ​អន្តរជាតិ​បាន ក៏​កម្ពុជា​នៅតែ​រៀបចំខ្លួន​ជាប់​ជាប្រចាំ ដូចជា ពង្រឹង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ការលើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​មាន​សុវត្ថិភាព​ខ្ពស់ ការជំរុញឱ្យ​ប្រជាពលរដ្ឋ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ដើរ​ឱ្យទាន់​នឹង​សម័យកាល​បដិវត្ត​ឧស្សាហកម្ម ៤.០ ការ​បង្វឹក​បំប៉ន និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែម ការលើកស្ទួយ និង​ជំរុញឱ្យមាន​ការវិនិយោគ​លើ​វិស័យ​កសិកម្ម ការបង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ ពិសេស​គឺ​ការទប់ស្កាត់​មិនឱ្យ​ឆ្លង​ចូលទៅក្នុង​សហគមន៍​ប្រជាពលរដ្ឋ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ទៅកាន់​អង្គប្រជុំ «The 1st Destination Mekong Summit»​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​បង្ហើប​ឱ្យដឹងថា ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានអនុញ្ញាត​ឱ្យមាន​ការ​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​កាលពី​កំលុងពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​កន្លងទៅ ដោយ​កំលុងពេល​៥​ថ្ងៃនេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ប្រមាណ ១.៤​លាន​នាក់​។ អ្វីដែល​ឱ្យ​រីករាយ​នោះ គឺ​គ្មាន​រកឃើញថា​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ លើ​ប្រជាពលរដ្ឋ ឬ​ភ្ញៀវទេសចរ​ណា​ម្នាក់​នោះឡើយ​។​

​ចំណុច​ថ្មី​មួយទៀត​នៅក្នុង​កិច្ចប្រជុំ​ខាងលើ គឺ​ប្រទេស​ថៃ​បានលើកឡើង​ពី​គម្រោង​ចង់​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេងទៀត ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​អនុវត្ត​នយោបាយ​ទេសចរណ៍ «Green Travel Bubble» ជា​លក្ខណៈ​ទ្វេភាគី ឬ​ត្រីភាគី ហើយ​ប្រសិនបើ​ជោគជ័យ គេ​នឹង​អាច​ឈានដល់​ពហុភាគី​ថែមទៀត​៕
​ដោយ​៖CEN

 

×