ប្រាង្គកណ្ដាលដែលជាសំណង់ទោល (១៩៩៦) ក្រុមប្រាសាទកោះកេរ ស្ថិតនៅក្នុងខេត្តសៀមរាប ស្រុកកោះកេរ ឃុំស្រយូវ។ ក្រុមប្រាសាទនេះដែលស្ថិតនៅលើទីតាំងចាស់ របស់ព្រះរាជធានីគោកគគីរ ត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ នៅចុងស.វទី១០។ លុះសម័យក្រោយមកទៀត រាជធានីនេះក៏ត្រូវបានគេបោះបង់ចោល នៅពេលដែលស្ដេចអង្គនេះបានយាងទៅកាន់រាជធានីយសោធរបុរៈ ឬអង្គរវិញ។ ចុះតើមានភស្ដុតាងអ្វី សម្រាប់សំគាល់ថា មានការស្ដារទីក្រុងកោះកេរនេះឡើងវិញ នៅចុងស.វទី១២ ដោយមហាវិរក្សត្រព្រះបាទជ័យវរ្ម័នទី៧ ?
ជាបឋម សូមជម្រាបថា ការស្ដារទីក្រុងចាស់ៗ ដែលទ្រុឌទ្រោមបាក់បែកឡើងវិញនោះ ពុំមែនទើបតែកើតមានឡើងក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ នោះទេ ពោលគឺធ្លាប់បានកើតឡើងរួចមកហើយ ក្នុងអតីតកាលដ៏យូរលង់ ។ ឧទាហរណ៍ជាក់ស្ដែងមួយ ព្រឹត្តិការណ៍បែបនេះត្រូវបានអនុវត្តឡើងក្នុងរាជ្យរបស់ព្រះបាទ សុរិយាវរ្ម័នទី១ ដែលបានសោយរាជ្យកាលពីស.វ.ទី១១ ។
តាមខ្លឹមសារនៃសិលាចារឹក Ka19 ដែលយើងបានរកឃើញ នៅខេត្តបន្ទាយមានជ័យបច្ចុប្បន្ន ទីក្រុងល្វ ឬលពបុរី អតីតទឹកដីខ្មែរ ត្រូវបានស្ដារឡើងវិញ តាមព្រះតម្រិះរបស់ស្ដេចខ្មែរអង្គរខាងលើនេះ ក្រោយពីទីប្រជុំជនដ៏សំខាន់នេះត្រូវបានបំផ្លិចបំផ្លាញ ដោយសង្គ្រាមរវាងខ្មែរ និងមន ។
ក្បាច់ផ្ដែរបែបពុទ្ធនិយមមិនទាន់ឆ្លាក់រួច
ដូចនេះ ការស្ដារទីក្រុងបុរាណឡើងវិញ ពុំមែនជារឿងថ្មីថ្មោង វាជាប្រពៃណីខ្មែរមួយ ដែលប្រមុខអ្នកដឹកនាំខ្មែរតែងតែអនុវត្តគ្រប់យុគគ្រប់សម័យកាល ដូចដែលខ្លឹមសារនៃសិលាចារឹកខាងលើជាភស្ដុតាងស្រាប់ ។
ទិដ្ឋភាពប្រាសាទមើលពីក្រោយ
ក្នុងការចុះទៅសិក្សាស្រាវជ្រាវមួយ កាលពីឆ្នាំ១៩៩៦ នៅក្រុមប្រាសាទកោះកេរជាមួយអភិរក្សដ្ឋានអង្គរ យើងបានប្រទះឃើញប្រាសាទបាក់បែកមួយ ក្បែរប្រាសាទកន្ទ្រាប់ ដែលជាមន្ទីរពេទ្យ ឬអរោគ្យសាលារបស់ព្រះបាទជ័យវរ្ម័នទី៧ ។ ដូចសំណង់ផ្សេងៗ ឯទៀតដែរ អរោគ្យសាលានោះមានទម្រង់ ៖ បួនជ្រុងទ្រវែង បែរមុខទៅទិសខាងកើត មានស្រះទឹកមួយនៅខាងមុខ ក្លោងទ្វារចូលតែមួយគត់ និងប្រាង្គទោលមួយនៅចំកណ្ដាល អមដោយសំណង់បណ្ណាល័យ ដែលហ៊ុមព័ទ្ធទៅដោយកំពែងធ្វើអំពីថ្មបាយក្រៀម ។
ទិដ្ឋភាពទូទៅនៃប្រាសាទ
ចំពោះយើង វត្តមានរបស់មន្ទីរពេទ្យនេះឆ្លុះបញ្ជាំងនូវវត្តមានរបស់ព្រះ ពុទ្ធសាសនាមហាយាននៅទីនោះ និងបង្ហាញពីការកាន់កាប់ឡើងវិញនូវព្រះរាជធានីចាស់យ៉ាងប្រាកដ ដោយឥតប្រកែក ។
ប្រាង្គកណ្ដាលមើលពីកំពែងប្រាសាទ
តើមូលហេតុអ្វីដែលបាននាំព្រះបាទជ័យវរ្ម័នទី៧ ឲ្យកាន់កាប់ព្រះរាជធានីកោះកេរឡើងវិញ ? កុំភ្លេចថា ករណីដូចគ្នានេះក៏ត្រូវបានកត់សម្គាល់នៅបូជនីយដ្ឋានភ្នំបាណន់ នៅខេត្តបាត់ដំបង នៅភ្នំរុង នៅខេត្តបុរីរម្យ និងនៅភិមាយ នៅខេត្តនគររាជសីមាដែរ ។
សូមជម្រាបថា ការស្ដារព្រះរាជធានី និងរម្មនីយដ្ឋានចាស់ៗ តាមរយៈការជួសជុល ឬការបន្ថែមនូវសំណង់ថ្មីៗដូចជា មន្ទីរពេទ្យជាដើម គឺជាព្រះរាជកាតព្វកិច្ចរបស់អតីតព្រះរាជាខ្មែរទាំងឡាយ ដែលប្រវត្តិសាស្ត្របានកត់ត្រាទុក ដើម្បីផ្សាភ្ជាប់នឹងដូនតា ពោលគឺអតីតព្រះមហាក្សត្រដែលបានចែកឋានទៅ ។ ដូច្នេះហើយ ទង្វើដ៏ប្រពៃនេះ ដែល តាមពិតទៅ ក៏ជាសញ្ញាណនៃភក្ដីភាព និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានអ្នកដឹកនាំខ្មែរអនុលោម នាគ្រប់សម័យកាលទាំងអស់ ពីបុរាណកាល ក៏ដូចជាបច្ចុប្បន្នភាពនេះដែរ ។
គោបុរៈខាងត្បូងនៃអរោគ្យសាលា
មានន័យថា ការសាងសង់អរោគ្យសាលាធ្វើអំពីថ្មបាយក្រៀម ក្បែរទីតាំងនៃប្រាសាទចាស់ៗ ដូចជាប្រាសាទកន្ទ្រាប់ គ្មានអាថ៌កំបាំងអ្វីទេ សម្រាប់យើង ព្រោះវាជាតម្រូវការចាំបាច់របស់ប្រមុខដឹកនាំខ្មែរគ្រប់រូប ដែលស្ថិតក្នុងការបន្ដការស្ដារឡើងវិញ ឬការកសាងជាតិខ្មែរ ។
ស្រះទឹកនៅពីមុខកំពែងថ្មបាយក្រៀម
សរុបសេចក្ដីមក ការដែលទីក្រុងបានកកើតឡើង ហើយស្លាប់ទៅវិញ ឬក៏ជួនកាលត្រូវស្ដារសក្ដានុពលឡើងវិញនោះ ដូចករណីនៃទីក្រុងកោះកេរ គឺជារឿងធម្មតា ដែលគប្បីយើងមិនត្រូវមានការភ្ញាក់ផ្អើលឡើយ ៕ (ម.ត្រាណេ)