ប៉ៃលិន ៖ នេះជារឿងដ៏ហួសចិត្ត និងក៏គួរក្តៅក្រហាយយ៉ាងខ្លាំងផងដែរ ក្រោយពីបានដឹងមូលហេតុ ដែលអ្នកភូមិប៉ាហ៊ីជើង ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ចេះតែបាត់មាន់ស្ទើររៀងរាល់ថ្ងៃ ដោយពុំដែលរកឃើញមុខចោរម្តងណាសោះឡើយ។
យោងតាមប្រភពព័ត៌មានពីអ្នកភូមិម្នាក់ បានឲ្យដឹងថា អ្នកភូមិនៅក្នុងភូមិពិតជាមានការក្តៅក្រហាយយ៉ាងខ្លាំង ខណៈមាន់ចិញ្ចឹមរបស់ពួកគាត់ បានបាត់ជារៀងរាល់ថ្ងៃ ដោយអ្នកខ្លះបាត់រហូត ១០, ២០ ក្បាល ដែលក្នុងនោះសូម្បីបាត់មេមាន់ទើបនឹងញាស់ចោលកូនតូចៗយំពេញទ្រុង និងខ្លះទៀតរហូតបាត់អស់ពីទ្រូងរលីងតែម្តង។
ប៉ុន្តែ អ្វីដែលហួសចិត្តខ្លាំងបំផុតនោះ គឺក្រោយពីបានតាមដានគ្រប់ៗគ្នា ស្រាប់តែប្រទះឃើញគេដាក់អង្គប់មួយយ៉ាងធំស្ថិតនៅក្នុងដីឡូត៍មួយដែលជាកន្លែងស្តុកសំរាមដែលមានឈ្មោះ ចិន។
នុយដែលគេដាក់សម្រាប់ទាក់សត្វចិញ្ចឹមរបស់អ្នកភូមិ គឺជាអង្ករ និងចំណីផ្សេងៗ ។ ហើយបើតាមការពិនិត្យឃើញជាក់ស្តែង នោះអង្គប់ដ៏ធំនេះ គឺអាចទាក់ជាប់មិនថាមាន់តូច ឬ មាន់ធំនោះទេ។
ទោះយ៉ាងណា ក្រោយប្រជាពលរដ្ឋបានរាយការណ៍ពាក់ព័ន្ធនឹងមានម្ចាស់ផ្ទះលួចដាក់អង្គប់ចាប់មាន់របស់អ្នកភូមិរាល់ថ្ងៃបែបនេះ នរគបាលប៉ុស្តិ៍ក៏បានកោះហៅបុរស៤នាក់ ដែលជាកម្មករដឹកជញ្ជូនសំរាមក្រុងប៉ៃលិន ទៅសាកសួរដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យា ព្រោះមានភស្តុតាងជាក់ស្តែង៕ ដោយ៖ លឹម ហុង