ភ្នំពេញ ៖ បុរសម្នាក់បានបើករ៉ឺម៉កជ្រុលទៅបុកគូទកុងតឺន័រ ចតចោលនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង 9 និង 15 នាទីនៅតាមបណ្ដោយផ្លូវជាតិលេខ 4 ត្រង់ចំណុចកើតហេតុទល់មុខខ្លោងទ្វារបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី 3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ដែលពាក់ផ្លាកលេខ ស្វាយរៀង 3-A07 54 ចតចោលនៅចិញ្ចើមផ្លូវ ស្រាប់តែភ្លាមនោះដែរ គេបានឃើញបុរសម្នាក់បើករ៉ឺម៉កសណ្ដោងអត់ផ្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកត្រង់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកគូទរថយន្តកុងតឺន័រ ពីក្រោយពេញទំហឹងរួចជ្រុលក្បាលទៅបុកដែកកាង បណ្តាលឲ្យធ្លាយក្បាលស្លាប់បាត់បង់ជីវិតភ្លាម នៅនឹងកន្លែងកើតហេតុ។
សពបុរសខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ក៏បានទាក់ទងទៅខាងចរាចរណ៍ក្រុង ឲ្យចុះមកវាយនិងយករ៉ឺម៉ក និងរថយន្តទៅរក្សាទុកនៅក្រុង រួចធ្វើកំណត់ហេតុ ដើម្បីប្រគល់សពជូនទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សា មេត