ភ្នំពេញ ៖ ក្រុមហ៊ុនលី ហួរ គ្រុប បានបោះទុនរកស៊ីពហុវិស័យនៅកម្ពុជា ហើយមនុស្សភាគច្រើនបានស្គាល់យីហោហាងប្ដូរប្រាក់លីហួរដ៏ល្បីទូទាំងប្រទេស។ ក្រៅពីអាជីវកម្មនេះឧកញ៉ា លី ហួរ ជាអធិរាជជោគជ័យលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា បានបោះជំហានមួយកាន់តែធំថែមទៀត ក្នុងវិស័យហិរញ្ញវត្ថុ គឺការបង្កើតនូវធនាគារពាណិជ្ជដ៏ធំមួយ ក្រោមការចាប់ដៃគូជាមួយនឹងក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន។
ក្រោមការដឹកនាំរបស់ ឧកញ៉ា លី ហួរ បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ គ្រុប មានក្រុមហ៊ុនធំយ៉ាងតិច៨ ដោយផ្ដោតស្ទើរតែគ្រប់ វិស័យរាប់តាំងពីជំនួញគ្រឿងអលង្ការ មានតម្លៃ និង ហាងឆេងប្ដូរប្រាក់ កសិកម្ម អចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុដែលជាគ្រឹះរឹងមាំរបស់លីហួគ្រុប។
ជោគជ័យរបស់ឧកញ៉ា លី ហួរ នៅក្នុងរយៈពេលចុងក្រោយនេះ គឺបានចាប់ដៃគូជាមួយក្រុមហ៊ុនជប៉ុនដ៏ធំ ដោយបានប្រែក្លាយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ទៅជាធនាគារពាណិជ្ជដ៏ធំមួយ ដែលមានឈ្មោះថា អេស.ប៊ី.អាយ លី ហួរ។ ធនាគារ អេស.ប៊ី.អាយ លី ហួរ គឺជា បុត្រ សម្ព័ន្ធ របស់ក្រុមហ៊ុន ជប៉ុន អេស.ប៊ី.អាយ ហូលឌីង ដែល ចុះ បញ្ជី នៅ ក្នុង ទីផ្សារ ភាគហ៊ុនតូក្យូ។
លោក អ៊ុត សឿង ដែលជាអគ្គនាយក នៃ ធនាគារ អេស.ប៊ី.អាយ លី ហួរ ថ្មីនេះ បានបញ្ជាក់ថា ការចាប់ដៃគូរវាង ក្រុមហ៊ុន លី ហួរ ជាមួយនឹង ក្រុមហ៊ុន ជប៉ុន SBI Holdings ដើម្បីប្រែក្លាយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ទៅជាធនាគារពាណិជ្ជ SBI Ly Hour នេះ គឺជាការគិតគូរ ប្រកប ដោយចក្ខុវិស័យវែងឆ្ងាយ របស់ លោកឧកញ៉ា លី ហួរ ក្នុងការ បោះជំហាន មួយកម្រិតទៀត នៅក្នុង វិស័យ ហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ពីធនាគារជាតិ បច្ចុប្បន្ន មានគ្រឹះស្ថានធនាគារពាណិជ្ជចំនួន ៥១ ធនាគារឯកទេស ចំនួន ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៦ និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ចំនួន ៧៦៕ ដោយ ៖ CEN