Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​បង្កឡើង​ដោយ​វិបត្តិ​កូ​វីដ​-១៩​នេះ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ទាំងអស់ បាន​សង្កត់ធ្ងន់​លើ​ការបើកចំហ​ទីផ្សារ ទំនិញ សេវាកម្ម និង​វិនិយោគ ពង្រឹង​កិច្ចសហប្រតិបត្តិការ

​ភ្នំពេញ​៖ ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​ថ្លែងថា​ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​បង្កឡើង​ដោយ​វិបត្តិ​​កូ​វីដ​-១៩​នេះ រដ្ឋមន្ត្រី​ទាំងអស់​បាន​សង្កត់ធ្ងន់​លើ​ការបើកចំហ​ទីផ្សារ (​ទំនិញ សេវាកម្ម និង​វិនិយោគ​) ក៏ដូចជា​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​កិច្ចខិតខំ​រួមគ្នា​រវាង​ប្រទេស​នៅក្នុង​តំបន់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ តាម​ប្រព័ន្ធ​វីដេអូ (Video Conference) កាលពី​ថ្ងៃទី​២៥-២៧ ខែសីហា ឆ្នាំ​២០២០ និង​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖

កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ចកម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម លើក​ទី​១២ 

​កិច្ច​ប្រជុំបាន​ផ្លាស់ប្តូរ​ទស្សនៈ​និង​ការឆ្លើយតប​លើ​កូ​វីដ​-១៩ នៅក្នុង​តំបន់​។ ក្នុងនោះ កិច្ច​ប្រជុំបាន​ពិភាក្សា​លើ​ការអភិវឌ្ឍ​លើ​ផែនការ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ និង​ការអនុវត្ត​ផែនការ​សកម្មភាព​ទីក្រុង​ហាណូយ ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច​អាស៊ាន​និង​ការតភ្ជាប់​ខ្សែចង្វាក់​ផ្គត់ផ្គង់ ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩​មកលើ​សេដ្ឋកិច្ច​ក្នុង​តំបន់​ក៏ដូចជា​ពង្រឹង​ការតភ្ជាប់​បណ្តាញ​ផ្គត់ផ្គង់ ដើម្បី​ធ្វើ​ឲ្យ​បណ្តាញ​ផ្គត់ផ្គង់​នេះ​កាន់​តែមាន​ភាពរឹងមាំ​និង​មិន​ឲ្យ​ងាយ​រង​ផលប៉ះពាល់​នាពេល​អនាគត​។ កិច្ចប្រជុំ​ក៏បាន​អនុម័ត​ផែនការ​សកម្មភាព CLMV ២០២១-២០២២ ដែល​នឹង​ផ្តោត​សំខាន់​លើ​វិស័យ​ចំនួន​៥ គឺ​កិច្ច​សហ​ប្រតិ​ប​ត្តិ្ក​ការ​ពាណិជ្ជកម្ម​និង​វិនិយោគ ​ការ​អនុវត្ត​ការប្តេជ្ញាចិត្ត​ក្នុង​តំបន់ ក្របខ័ណ្ឌ​សម្រាប់​ការអភិវឌ្ឍន៍ CLMV ធនធានមនុស្ស និង​ផែនការ​ស្តារឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ​-១៩​។​

កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥២

​កិច្ច​ប្រជុំបាន​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​សមិទ្ធិផល​សេដ្ឋកិច្ច​របស់​វៀតណាម​ឆ្នាំ​២០២០ និង​បាន​លើកទឹកចិត្ត​ដល់​អង្គភាព​ពាក់ព័ន្ធ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​ក្នុង​គោលដៅ​សម្រេច​ឱ្យបាន​នូវ​សមិទ្ធិផល​ទាំងអស់​ក្នុងឆ្នាំនេះ​។ កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​លើ​ស្ថានភាព​វិវត្តន៍​ក្នុង​តំបន់ និង​សកល​ជាពិសេស​ផលប៉ះពាល់​សេដ្ឋកិច្ច​បណ្តាលមកពី​កូ​វីដ​-១៩ ដោយ​ផ្តោត​សំខាន់​លើ​ការរក្សា​ការបើក​ទីផ្សារ ការលុបបំបាត់​របាំងពាណិជ្ជ​កម្ម ការរក្សា​ការតភ្ជាប់​ខ្សែចង្វាក់​ផ្គត់ផ្គង់ ការប្រើប្រាស់​បច្ចេកវិទ្យា និង​ការអនុវត្ត​ផែនការ​សកម្មភាព​ទីក្រុង​ហាណូយ ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច​អាស៊ាន​និង​ការតភ្ជាប់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩​។ ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ឱ្យមាន​ការសហការ​គ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​វិនិយោគ ​លុបបំបាត់​របាំង​ពាណិជ្ជកម្ម និង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​ស្តារឡើងវិញ​នូវ​ទំនុកចិត្ត​របស់​វិស័យ​ធុរកិច្ច និង​អតិថិជន​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​ជម្រាបជូន​អង្គប្រជុំ​ពី​ស្ថានភាព​កូ​វីដ​-១៩ នៅ​កម្ពុជា និង​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព និង​មុត​ស្រួច​ដែល​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​កម្ពុជា​ពុំមាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩​។

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៨ ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(​អា​សិប​)
​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​ការចរចា និង​ដោះស្រាយ​បញ្ហា​សេសសល់ សម្រាប់​ការរៀបចំ​ការចុះហត្ថលេខា​កិច្ចព្រមព្រៀង​អា​សិប​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ តាម​អាណត្តិ​ផ្តល់ឱ្យ​ដោយ​ប្រមុខ​ដឹកនាំ​អា​សិប កាលពី​កិច្ចប្រជុំ​កំពូល​អា​សិប​លើក​ទី​៣ ឆ្នាំ​២០១៩​។ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​បង្កឡើង​ដោយ​វិបត្តិ​
​កូ​វីដ​-១៩​នេះ រដ្ឋមន្ត្រី​ទាំងអស់​បាន​សង្កត់ធ្ងន់​លើ​ការបើកចំហ​ទីផ្សារ (​ទំនិញ សេវាកម្ម និង​វិនិយោគ​) ក៏ដូចជា​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​កិច្ចខិតខំ​រួមគ្នា​រវាង​ប្រទេស​នៅក្នុង​តំបន់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។ រដ្ឋមន្ត្រី​ទាំងអស់ បាន​ស្វាគមន៍​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​នៃ​ការចរចា​បើក​ទីផ្សារ (​ពាណិជ្ជកម្ម​ទំនិញ ពាណិជ្ជកម្ម​សេវាកម្ម និង​វិនិយោគ​) និង​បានបញ្ជាក់​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អា​សិប​នៅ​ចុងឆ្នាំ​នេះ ដែល​វា​មាន​សារសំខាន់​ខ្លាំង​ក្នុងការ​ផ្តល់​សញ្ញា​ទៅកាន់​ពិភពលោក​អំពី​ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី​ដែល​ផ្អែកលើ​គោលការណ៍​ច្បាប់ ជាពិសេស​សម្រាប់​ការស្តារ​សេដ្ឋកិច្ច​តំបន់​ឡើងវិញ​បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩៕ ដោយ​៖​កូ​ឡាប​

×