ភ្នំពេញ៖ បច្ចុប្បន្ននេះ ក្រុមហ៊ុន ដាវ ដឹ ខេក ដែលបង្រៀនរបៀបធ្វើនំ កំពុងពង្រីកសមត្ថភាពនិងបង្កើតកម្ម វិធីសិក្សាល្អៗ ផ្នែកធ្វើនំគ្រប់ប្រភេទ ដល់សិស្សដែលចង់ចាប់អាជីពនេះ ឱ្យកាន់តែមានប្រសិទ្ធភាព។
សាលាបណ្តុះបណ្តាលរបៀបធ្វើនំនេះ បានពង្រីកវិសាលភាព និងបានបណ្ដុះបណ្ដាលសិស្ស ៣០០ នាក់បន្ថែមទៀត ដើម្បីផលិតនំគ្រប់ប្រភេទ សម្រាប់បំពេញតម្រូវការក្នុងស្រុក និងសម្រាប់ផ្គត់ផ្គង់ជូនទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
កញ្ញា ដាវ អគ្គនាយិការក្រុមហ៊ុន ដាវ THE CAKE បានបញ្ជាក់ថា ការបង្កើតវគ្គបណ្ដុះបណ្ដាល ពីរបៀបធ្វើនំនេះ គឺដើម្បីជួយដល់យុវជន និងប្រជាពលរដ្ឋខ្មែរ ឱ្យមានជំនាញច្បាស់លាស់មួយសម្រាប់ជីវិត ដើម្បីបង្កើតអាជីពសំរាប់គ្រួសារ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ឱ្យកាន់តែប្រសើរឡើង និងបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិ ឲ្យកាន់តែមានភាពរីកចម្រើន។
ក្រោយប្រកាសបើកវគ្គបណ្ដុះបណ្ដាលលើកទី៣ ពីរបៀបធ្វើនំ របស់ក្រុមហ៊ុន ដាវ ដឹ ខេក នារសៀលថ្ងៃទី ២៧ សីហា កញ្ញា ដាវ បានលើកឡើងថា ចំពោះវគ្គបណ្ដុះបណ្ដាលធ្វើនំនេះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះ ដើម្បីលើកកម្ពស់វិស័យម្ហូបអាហារនៅកម្ពុជា ព្រមទាំងផ្ដល់ចំណេះដឹងដល់សិក្ខាកាម ដែលចង់សិក្សាជំនាញធ្វើនំច្រើនប្រភេទ ជាជំនាញកំពុងពេញនិយមនាពេលបច្ចុប្បន្ន និងសម្រាប់ដែលអ្នកចង់បង្កើតមុខរបរផ្ទាល់ខ្លួន ដោយស្របទៅតាមការអំពាវនាវរបស់រដ្ឋាភិបាល និងក្រសួងទេសចរណ៍។
កញ្ញាដាវ បន្តថា បច្ចុប្បន្ន ក្រុមហ៊ុន ដាវ ដឹ ខេក កំពុងពង្រីកសមត្ថភាព និងមានបំណងចង់ពង្រីកវិស័យនេះ ឱ្យកាន់តែទូលំទូលាយ និងជួយប្រជាជនខ្មែរឱ្យកាន់តែប្រសើរឡើង ដើម្បីឈានទៅបង្កើតស្លាកសញ្ញាផលិតផលដោយខ្លួនឯង ឬហៅថា Franchise នាពេលខាងមុខ។
សូមជម្រាប់ថា កាលពីមុនប្រជាជនកម្ពុជាមិនសូវអោយតម្លៃលើនំខេកនោះទេ តែបច្ចុប្បន្នវិស័យនំនៅកម្ពុជា កំពុងទទួលបានការគាំទ្រខ្លាំង ខណៈអ្នកខ្លះគាត់ហ៊ានចំណាយលុយជាច្រើន សម្រាប់នំខេកមួយក៏មាន ដែលតម្រូវឲ្យម្ចាស់អាជីវកម្មផលិតនំទាំងអស់ ត្រូវតែស្វែងរកនូវអ្វីដែលថ្មីៗ សម្រាប់អតិថិជនរបស់ពួកគេ ទាំងគុណភាព តម្លៃ និងសោភ័ណភាព៕ ដោយ ៖ CEN