Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​រដ្ឋមន្ត្រី​ទេសចរណ៍​៖ ក្នុង​បរិបទ​ថ្មី​នេះ អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​ចាំបាច់​ត្រូវ​ចេះ​ប្រើ​អន​ឡាញ និង​អនុវត្តតាម​វិធាន​សុវត្ថិភាព​

​ភ្នំពេញ​៖ ដោយសារ​ពិភពលោក​ទាំងមូល​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ វិស័យ​ទេសចរណ៍​ក៏​ជួបប្រទះ​នូវ​ការប្រែប្រួល សូម្បីតែ​ការបណ្ដុះបណ្ដាល​អ្នកជំនាញ​ទេសចរណ៍ ក៏​មិនអាច​អនុវត្តតាម​ស្ដង់ដា គឺ​ចាំបាច់​ត្រូវមាន​ការពង្រឹង​គុណភាព​ជាង​មុន​។​

​បរិបទ​នេះ គណៈកម្មាធិការ​អ្នកជំនាញ​ទេសចរណ៍ ក៏ដូចជា​ក្រសួងទេសចរណ៍​កម្ពុជា បានលើកឡើង​នូវ​ដំណោះស្រាយ​ថ្មីៗ​ជាច្រើន ពី​ក្នុង​ប្រជុំ​គណៈកម្មាធិការ​អ្នកជំនាញ​ទេសចរណ៍ (​គ​.​ជ​.​អ​.​ទ​) ប្រចាំឆមាស​ទី​១ និង​ទិសដៅ​អនុវត្ត​បន្ត​នៅ​ឆ​មាង​ទី​២ ឆ្នាំ​២០២០ ដែល​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​២៧ ខែសីហា នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​គេ​បានលើកឡើង​នូវ​ចំណុច​សំខាន់​ជាច្រើន ក្នុងនោះ​ក៏មាន​ការជំរុញឱ្យ​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ត្រូវអនុវត្ត​ឱ្យបាន​ច្រើន​តាម​ប្រព័ន្ធ​ឌីជីថល ឬ​អន​ឡាញ​។ មួយវិញទៀត រាល់​ស្ដង់ដា​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នានា ត្រូវតែ​បញ្ចូល​ចំណេះដឹង​អំពី​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដែលជា​កាតព្វកិច្ច​ចាំបាច់​សម្រាប់​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍ ចាប់ពី​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​នេះ​តទៅ​មុខ​។​
​ពាក់ព័ន្ធ​នឹង​ស្ដង់ដា​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នេះ​ទៀតសោត ឯកឧត្តម ទ្រី ឈី​វ ប្រធាន​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ទ បាន​ថ្លែងថា ចាប់តាំងពី​ប្រទេស​ជា​សមាជិក​អាស៊ាន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទទួលស្គាល់​អ្នកជំនាញ​ទេសចរណ៍​ពីគ្នា​ទៅវិញទៅមក (MRA) នៅ​ឆ្នាំ​២០០៩ រហូតមកដល់​ពេលនេះ ប្រទេស​ជា​សមាជិក​បាន​អនុវត្ត​ការបណ្ដុះបណ្ដាល​នៅតាម​សាលា និង​សាកលវិទ្យាល័យ​វិជ្ជាជីវៈ​មួយចំនួន​នូវ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ចំនួន ៣២​មុខជំនាញ ដែល​ស្ថិតនៅក្នុង​ផ្នែក​សណ្ឋាគារ និង​ផ្នែក​សេវាកម្ម​ធ្វើដំណើរ​។ សម្រាប់​កម្ពុជា​ក៏បាន​ដាក់ចុះ​នូវ​កម្មវិធី​ទាំងអស់នេះ នៅតាម​សាលា​មួយចំនួនធំ​នៅក្នុង​ប្រទេស​របស់ខ្លួន​រួចមកហើយ​។​

​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​បាន​គាំទ្រ និង​ចាត់ទុក​កម្ពុជា​ថា​បាន​នាំមុខគេ​ក្នុងការ​អនុវត្ត​កិច្ច​ព្រម​ព្រៀម MRA នេះ ហើយ​ពួកគេ​ក៏បាន​ស្នើឱ្យ​កម្ពុជា​រៀបចំ​ស្ដង់ដា​បណ្ដុះបណ្ដាល​ជំនាញ​ម៉ាស្សា​។ ចំពោះ​ស្ដង់ដា​នេះ កម្ពុជា​បានរៀបចំ និង​បាន​អនុវត្ត​ការបណ្ដុះបណ្ដាល​ជោគជ័យ​ជា​បន្តបន្ទាប់​មកហើយ ហើយ​ក្រសួងទេសចរណ៍​បាន​បំ​លែង​ពី​ស្ដង់ដា​ជាតិ ទៅជា​ស្ដង់ដា​អាស៊ាន​រួចហើយ​ដែរ​។​
​ឯកឧត្តម​ថា អ្នក​បម្រើការ​ក្នុង​ផ្នែក​ម៉ាស្សា​ទាំងអស់ មុន​ចេញ​ធ្វើការ​ពេញសិទ្ធិ ត្រូវ​ឆ្លងកាត់​ការបណ្ដុះបណ្ដាល​ពី​គ្រូ​បង្គោល​អាស៊ាន ដែលមាន​ការទទួលស្គាល់​ត្រឹមត្រូវ ផ្អែកលើ​គុណ​វ​ឌ្ឍិ និង​គុណភាព​អាស៊ាន​។ អ្នក​ដែល​ទទួល​ការបណ្ដុះបណ្ដាល​ជំនាញ​នីមួយៗ​ពី​គ្រូ​បង្គោល​អាស៊ាន​រួចហើយ ពួកគេ​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​ណា​ក៏បាន ឱ្យតែ​ស្ថិតក្នុង​តំបន់​អាស៊ាន តែ​ក៏ត្រូវ​ស្របទៅតាម​ច្បាប់​ការងារ​នៃ​ប្រទេស​ទទួល និង​ប្រទេស​បញ្ជូន​ផងដែរ ពោលគឺ​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួង​ការងារ​នៃ​ប្រទេស​នីមួយៗ​។​

​នៅ​ឆ្នាំ​២០២១ ខាងមុខ អាស៊ាន​ក៏បាន​ដាក់ចុះ​ស្ដង់ដា MICE ចំនួន ៣២​មុន​ជំនាញ​ថ្មី​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ព្រឹត្តិការណ៍​ធំៗ កិច្ចប្រជុំ​ធំៗ ព្រឹត្តិការណ៍​តាំងពិព័រណ៍​ជាដើម​។​

​ដូច្នេះ​ស្ដង់ដា​បណ្ដុះបណ្ដាល​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​ក្នុង​ក្របខណ្ឌ MRA នឹង​ឡើងដល់​ចំនួន ៧២​មុន​ជំនាញ ដោយ​បូក​ទាំង​ស្ដង់ដា​ក្នុង​ផ្នែក​សណ្ឋាគារ និង​ផ្នែក​សេវាកម្ម​ធ្វើដំណើរ​ចំនួន ៣២​មុខជំនាញ ស្ដង់ដា​ម៉ាស្សា​ចំនួន ៦​មុខជំនាញ និង​ស្ដង់ដា MICE ចំនួន ៣២​មុខជំនាញ​ថ្មី​ទៀត​។​

​នាឱកាស​កិច្ចប្រជុំ​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​ផ្តោតលើ​ការណែនាំ​យ៉ាង​ដូច្នេះ​ថា គ្រប់ការ​រៀបចំ​ស្ដង់ដា​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ទាំងចាស់ និង​ថ្មី​សរុប​ចំនួន ៧០​មុខជំនាញ​នេះ ត្រូវតែ​ដាក់បញ្ចូល​នូវ​ស្ដង់ដា​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បីឱ្យ​អ្នកជំនាញ​ទេសចរណ៍​ជាតិ និង​អាស៊ាន​អនុវត្ត​ការងារ​ឱ្យស្រប​ទៅនឹង​បរិបទ​ថ្មីៗ ដែល​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​សម្រាប់​សភាពការណ៍​ប្រែប្រួល​នៅ​ថ្ងៃមុខ​ទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ទៀតថា សម្រាប់​ការបណ្ដុះបណ្ដាល​អ្នកជំនាញ​ទេសចរណ៍ ក្នុង​បរិបទ​ជំងឺ​កូ​វីដ គឺ​ត្រូវ​ជំរុញ​ការបណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​ឌីជីថល ឬ​អន​ឡាញ​ឱ្យបាន​ផុសផុល ពីព្រោះ​ប្រជាជន​នៅលើ​ពិភពលោក​នា​បរិបទ​ថ្មី​នេះ ចង់​ឬ​មិន​ចង់ ពួកគេ​ត្រូវ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​បែប​ថ្មី (New Normal Life) ហើយ​ការប្រាស្រ័យ​ទាក់ទង​មួយចំនួន​ដែល​ធ្លាប់​អនុវត្ត​ផ្ទាល់​ពីមុន​នោះ ក៏ត្រូវ​ប្ដូរ​មក​អនុវត្ត​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​នេះ​ជា​ចាំបាច់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ថា «​យើង​ត្រូវតែ​ជំ​រុញឱ្យ​អ្នកជំនាញ​ទេសចរណ៍​របស់​យើង គិតថា​ការធ្វើការ ឬ​ការរៀនសូត្រ​តាម​ប្រព័ន្ធ​អន​ឡាញ គឺជា​ទម្លាប់​ធម្មតាៗ ដែល​អ្នកណាៗ​ក៏ត្រូវ​ចេះ​ប្រើប្រាស់​វា​ដែរ​។ ធ្វើបែបនេះ គឺ​ដើម្បី​រុញ​ចំណេះដឹង​ផ្នែក​អន​ឡាញ​នេះ​ឱ្យ​ជ្រាប​ដល់​គ្រប់​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ហើយ​ដល់​ពេលនោះ យើង​នឹង​សម្រេចបាន​ធនធានមនុស្ស​ដែល​ប្រកបដោយ​គុណភាព​ពិត​ប្រាក​»៕​ដោយ​៖​កូ​ឡាប​


×