ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ បានត្រូវរងរបួសរលាកពងបែកពាក់កណ្តាលត្រឹមកែងដៃចុះក្រោមគួររន្ធត់ ប្រៀបដូចអារអង្កន់ខ្លួនឯងអ៊ីចឹង បន្ទាប់ពីចុះទៅលេងទឹកសមុទ្រនៅខេត្តកែប អំឡុងថ្ងៃឈប់សម្រាក ហើយក៏បានប៉ះជាមួយសត្វម្យ៉ាង ដែលគេហៅថា ពពុះទឹក ឬ ភាសាអង់គ្លេស (jelly fish) បណ្តាលឲ្យកើតមានបញ្ហាបែបនេះតែម្តង។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ «អូន រក្សា» ដែលត្រូវជាម្តាយបានបង្ហោះឲ្យដឹងថា៖ «បងប្អូនដែលបានទៅលេងសមុទ្រត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា កូនប្រុសរបស់ខ្ញុំ កំពុងតែលេងទឹកសមុទ្រ ស្រាប់តែមានសត្វម្យ៉ាង ដែលគេហៅថា ពពុះទឹក ហើយវាមកតោងដៃ ធ្វើឲ្យកក្ដៅ ក្រហល់ក្រហាយ យំស្រែក ខ្ញុំអាណិតកូនខ្ញុំណាស់ វាមានពិសបានបីថ្ងៃហើយ ហើមដៃឡើងលើ ហើយមានពងបែកជុំវិញស្នាមទៀតទៅលេងសមុទ្រ បើឃើញសត្វប្លែកៗកុំយកដៃទៅចាប់វា ប្រយ័ត្នដូចកូនរបស់ខ្ញុំ»។
គិតមកទល់ពេលនេះ គឺមានរយៈពេលជាង ១សប្តាហ៍ហើយ ដែលកូនប្រុសរបស់គាត់បានរងគ្រោះថ្នាក់ ដោយពពុះទឹកនេះ ហើយនៅមិនទាន់ធូរស្បើយទេ ខណៈកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើយោងតាមការឆ្លើយតបរបស់គណនីជាម្តាយខាងលើ ទៅកាន់បងប្អូនអ្នកខមិនសួរសុខទុក្ខ។
គួរបញ្ជាក់ផងឲ្យដឹងផងដែរថា សត្វពពុះទឹកឬ ហៅថា(jelly fish) នេះគឺវាមានឥទ្ធិពលសាហាវណាស់ ដែលអាចសម្លាប់មនុស្សបាន ព្រោះថាពិសរបស់នឹងវាយប្រហារបេះដូង, ចលនាឈាម, ប្រព័ន្ធសរសៃប្រសាទ និងកោសិកាស្បែក បន្ទាប់ពីជនរងគ្រោះបានប៉ះនឹងវា។
ជាការពិតតណាស់ កាលពីអំឡុងខែសីហា ឆ្នាំ២០១៥ ស្ត្រីជាភ្ញៀវទេសចរម្នាក់នៅក្នុងប្រទេសថៃ ត្រូវបានប្រកាសស្លាប់ដោយសារពពុះទឹកនេះ បន្ទាប់ពីស្ត្រីនោះបានហែលទឹកលេងជាមួយមិត្តភក្តិ នៅក្នុងទីកន្លែងងងិត វេលាម៉ោង ៨ និង១៥ នាទីយប់ និងបានស្លាប់នៅម៉ោង ៩ និង៣០នាទីយប់ នៅក្នុងមន្ទីរពេទ្យ៕ ដោយ៖ លឹម ហុង