ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តប្រភេទយីឌុបធុនធំ បម្រុងនឹងបត់មិនប្រយ័ត្ន ទៅប៉ះជាមួយនឹងកញ្ចក់រថយន្ត lexus 570 រួចក៏ជ្រុលទៅបុកចំពាក់កណ្ដាលទ្វារចំហៀងខាងឆ្វេងរថយន្ត បង្វិលមួយជុំហើយរថយន្ត ៥៧០ ជ្រុលទៅបុកនឹងបង្គោលមួយដើមទៀត បានរងការខូចខាតទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង០០ នាទីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីជនរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុខ្លួនបានបើករថយន្ត lexus 570 ពណ៌សមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2AQ 3388 ធ្វើដំណើរចេញពីផ្លូវ 41 បម្រុងនឹងបត់ឡើងទៅផ្លូវវិមានឈ្នះឈ្នះក្នុងទិសដៅពី ត្បូង មកជើង ស្រាប់តែមកជិតដល់ចំណុចកើតហេតុ គាត់បានឃើញរថយន្តប្រភេទធំយីឌុបធុនធំ ដែលមិនចាំផ្លាកលេខ ធ្វើដំណើរបម្រុងបទស្របទិសគ្នា រួចក៏ជ្រុលមកប៉ះហ្នឹងកញ្ចក់ពីចំហៀងខាងឆ្វេង បម្រុងនឹងបើករត់ហើយជ្រុលទៅបុករថយន្តគាត់ ចំពាក់កណ្តាលពេញទំហឹងរួចក៏រថយន្ត lexus 570 ឆ្ពោះទៅបុកបង្គោលស្លាកសញ្ញាបាក់អស់ ១ ដើម រងការខូចខាតស្ទើរទាំងស្រុង ចំណែកឯរថយន្តប្រភេទយីឌុបនោះ ព្យាយាមរត់ដល់ម្តុំផ្សារបឹងបៃតង ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានទាំងតៃកុងនិងរថយន្ត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តពីរគ្រឿង ទៅរក្សាទុកនៅស្នងការក្រុង រង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ សា មេត