ភ្នំពេញ ៖ កាលពីព្រឹកមិញនេះ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ មានករណីអំពើឃាតកម្មដ៏សាហាវមួយទៀត ដោយស្ត្រីជាម្តាយម្នាក់ ត្រូវបានកាត់ក្បាលដ៏គួរឲ្យស្លុតរន្ធត់បំផុត ដែលគេដឹងថាជាស្នាដៃកូនប្រុសបង្កើត ។ ហេតុការណ៍នេះបានកើតឡើង នុងបុរីសឡា ៣ ស្ថិតនៅខាងកើត មន្ទីរពេទ្យឯកជន យីហោ មូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទោះយ៉ាងណា ក្រោយសម្លាប់ម្តាយបានប៉ុន្មានម៉ោង កូនប្រុសតិរច្ឆាន អ៊ាម សំណាង រូបនេះដែលបើតាមប្រភពព័ត៌មានពីអ្នកជិតខាងប្រាប់ថា ជនស្រវឹងខួប និងបែកថ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅចំណុចក្បែរមន្ទីរពេទ្យ IU ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីអ្នករស់ជិតខាង បានប្រាប់ឲ្យដឹងថា ២នាក់ម្ដាយកូននេះ តែងកើតមានជម្លោះគ្នាជាញឹកញាប់ ខណៈដែលកូនប្រុសបង្កើតជាជនដៃដល់សម្លាប់ម្ដាយនេះ គឺជាអ្នកញៀនថ្នាំ ផឹកស្រា ហើយតែងបែកថ្នាំជាញឹកញាប់ បង្កការភ័យខ្លាចដល់អ្នកជិតខាង និងម្ដាយរបស់ខ្លួន។ មុនថ្ងៃកើតហេតុ ស្ត្រីជាម្តាយបានប្រាប់អ្នកជិតខាងថា គាត់ជិតឈប់នៅផ្ទះនេះទៀតហើយ ដោយគាត់គ្រោងនឹងរើចេញទៅនៅកន្លែងផ្សេង ព្រោះកូនប្រុស (ជនដៃដល់) បង្កការអុកឡុកធ្វើទុក្ខបុកម្មេញខ្លាំងពេក។
ប៉ុន្តែ អ្វីដែលហួសចិត្តបំផុតនោះ នៅចំពោះសមត្ថកិច្ច កូនប្រុសតិរច្ឆានរូបនេះ បានឆ្លើយសារភាពថា មូលហេតុដែលនាំឲ្យរូបគេកាត់ក្បាលម្តាយ គឺដោយសារម្តាយខ្មោចចូល៕ ដោយ៖ លឹម ហុង