ខេត្តសៀមរាប ៖ ដើម្បីស្រាយគំនុំចាស់និងថ្មី ដែលធ្លាប់មានគំនុំតាំងពីអាយុ១២ឆ្នាំ កូនដើមបានយកកាំបិតប៉័ងតោ ទៅកាប់ឪពុកចុងដល់ផ្ទះម្តាយបង្កើត បណ្តាលឲ្យឪពុកចុងរងរបួសជាច្រើនកន្លែង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង១០នាទី ថ្ងៃទី២៩ សីហា ខែ២០២០ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយសង្គំ ក្រុង.ខេត្តសៀមរាប ។
ជនសង្ស័យត្រូវជាកូនដើមមានឈ្មោះ ព្រំ កក្កដា ភេទប្រុស អាយុ២៧ឆ្នាំ ស្ថិតនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប ។ ចំណែកជនរងគ្រោះឈ្មោះ ភឿក ភឿង ហៅ សេងទ្រី ភេទប្រុស ស្ថិតភូមិគ្រួស សង្កាត់ស្វាយសង្គំ ក្រុង.ខេត្តសៀមរាប ។
តាមសាកសួរជនសង្ស័យឈ្មោះ ព្រំ កក្កដា ភេទប្រុស អាយុ ២៧ឆ្នាំ បានឆ្លើយសារភាពថាៈ ខ្លួនត្រូវជាកូនចុងរបស់ជនរងគ្រោះខាងលើ។ ខ្លួនធ្លាប់មានទំនាស់ជាមួយឪចុងរូបនោះ តាំងពីខ្លួនមានអាយុ១២ឆ្នាំ ហើយកន្លងមក ទំនាស់របស់ពួកខ្លួនទាំងពីរ ឈានដល់ការប្រើអំពើហិង្សាចំនួន២លើក ជាក់ស្តែងនៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ខ្លួនមានអាការឈឺក្បាល ក៏ប្រើក្មួយបង្កើតរបស់ខ្លួនឲ្យប្រាប់បងស្រី ឈ្មោះ ព្រំ ស្រីហ៊ុន ដែលកំពុងលក់ដូរនៅឯកតូបរបស់ឪពុកចុង និងម្តាយបង្កើត មួយសន្ទុះក្រោយមក ស្រាប់តែក្មួយបានត្រឡប់មកវិញ ដោយប្រាប់ថា ជីតាឈ្មោះ ភឿក ភឿង (ត្រូវជាឪពុកចុងខ្លួន) បានស្តីបន្ទោសឲ្យពួកគេខ្លាំងៗ មិនតែប៉ុណ្ណោះមិនឲ្យថ្នាំមកទេ ធ្វើឲ្យខ្លួនខឹងសម្បារជាខ្លាំង គួបផ្សំជាមួយទំនាស់ចាស់ផងនោះ ក៏ទាញយកកាំបិតប៉័ងតោ ធ្វើដំណើរពីផ្ទះរបស់ខ្លួន ទៅកាប់ជនរងគ្រោះនៅចំណុចកន្លែង កើតហេតុខាងលើតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ កំពុងកសាងសំណុំរឿង តាមនីតិវិធីចាត់ការតាមច្បាប់ ៕
ដោយ៖បញ្ញាស័ក្តិ