ភ្នំពេញ៖ បុរសពីរនាក់ ជិះម៉ូតូមួយគ្រឿងត្រូវរថយន្តមិនស្គាល់ម៉ាកបើកមកកៀរ បណ្ដាលឲ្យទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្ត កិនបែកក្បាលស្លាប់ទាំងពីរនាក់យ៉ាងអណោចអាធ័ម រួចបើករត់បាត់ស្រមោល កាលពីវេលាម៉ោង៩យប់ថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២០ នៅចំណុចជាប់របងដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះទី១ មានឈ្មោះ កាន អាយុ ២៨ ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្ដុំវត្តសន្សំកុសល្យ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិចក ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សពជនរងគ្រោះទី២ មានឈ្មោះ ផន សុវណ្ណៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ធ្វើសំណង់ មានស្រុកកំណើត ភូមិជ្រោយដង ឃុំសំរោងទង ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង1M-8712 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាក បានធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីលិចទៅកើត ក្នុងល្បឿនលឿនបានបើកទៅកៀរម៉ូតូជនរងគ្រោះពីរនាក់ បណ្តាលឲ្យទាក់ដៃចង្កូត ដួលចូលក្រោមកង់រថយន្ត កិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអណោចអាធ័ម ។
ចំណែករថយន្តបង្ក បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រម៉ោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ដោយឡែកសពជនរងគ្រោះត្រូវធ្វើកំណត់ហេតុរួច ប្រគល់ជូនសាច់ញាតិទាំងពីរ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សាមេត