ភ្នំពេញ ៖ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍ បានលើកឡើងនៅក្នុងពិធីសម្ពោធការបញ្ចប់គ្រោងអគារអន្តរជាតិចុងហ្វាង នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២០ នេះថា ជុំវិញនិងការបង្កើតអគារអន្តរជាតិចុងហ្វាងនេះឡើង រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រជាជនកម្ពុជាទាំងអស់ មានសេចក្តីពេញចិត្ត និងចូលរួមអបអរសាទរចំពោះគម្រោងដ៏ធំមហិមា នឹងខ្ពស់ជាងគេនៅទីនេះ ក៏ដូចជាគម្រោងទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលគម្រោងទាំងនេះ សុទ្ធតែជាគម្រោងមានការទទួលគាំទ្រដ៏ខ្លាំងខ្លា ពីថ្នាក់ដឹកនាំនៃសាធារណៈប្រជាមាននិតចិន ក្រោមគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា អគារអន្តរជាតិចុងហ្វាង ដែលជាអគារខ្ពស់ជាងគេនេះ ក្រោយពីការសាងសង់រួច អគារមួយនេះនឹងអាចទាក់ទាញអតិថិជនជាច្រើន ចូលមកទស្សនានិងទំនាក់ទំនងអាជីវកម្ម ព្រោះជាអគារពហុបំណង មានជាច្រើនវិស័យដូចជា ធនាគារពាណិជ្ជកម្មចិន, មានមជ្ឃមណ្ឌលបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម, ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា, មជ្ឈមណ្ឌលទេសចរណ៍, ពាណិជ្ជកម្ម, និងជាអគារហិរញ្ញវត្ថុសម្រាប់តំបន់អាស៊ីអាគ្នេយ៍ផងដែរ ។ ជាពិសេសមានភោជនីយដ្ឋាននៅជាន់ខ្ពស់ជាងគេនៅក្នុងភ្នំពេញ ដែលជាការនិយមចូលចិត្តលំហែរកាយរបស់អតិថិជន ។
ពាក់ព័ន្ធនឹងគម្រោងសាងសង់នេះ លោកឧកញ៉ា ជា សុខហេង និងលោក Xie Xudongតំណាងក្រុមហ៊ុន ចុងហ្វាង អិនធ័រណេសិនណល នៅកម្ពុជាបានលើកឡើងថា កម្ពុជានិងចិន គឺជាមហាមិត្តដែកថែប បច្ចុប្បន្នប្រទេសទាំងពីរបានរឹងចំណងយ៉ាងស្អិតរមួត ទាំងកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ជាក់ស្តែងអគារដ៏ធំស្កឹមស្កៃមួយនេះ បានកំពុងកើតឡើងនៅចំកណ្តាលទីក្រុងភ្នំពេញ ដោយសាងសង់ឡើងក្នុងកម្ពស់ ១៨០ ម៉ែត្រ មានចំនួន ៦០ ជាន់ ហើយគម្រោងនេះសាងសង់ចប់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ ២០២០ ខាងមុខ ។
ដោយឡែកលោកឧកញ៉ា ជា សុខហេង បានបញ្ជាក់ឲ្យដឹងផងដែរថា ទោះមានរោគឆ្លងកូវីដ-១៩ កើតមានឡើងក្នុងឆ្នាំ២០២០នេះក៏ដោយ ក៏ដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅតែបន្តជានិច្ច ហើយទៅថ្ងៃមុខគម្រោងអគារខ្ពស់ៗនឹងកើតឡើងជាបន្តបន្ទាប់ទៀត ។
អគារអន្តរជាតិចុងហ្វាងនេះ គឺជាគម្រោងទី១, ចំណែកគម្រោងទី២ នឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយគ្រោងសាងស់សរុបផ្ទៃក្រឡារង្វង់១ លានម៉ែត្រការេ, ចំណែកគម្រោងទី៣ គ្រោងចាប់សាងសង់នៅខេត្តកោះកុង និងគម្រោងទី៤ គ្រោងសាងសង់នៅកែបថ្មី ឬឆ្នេរថ្មី នៅក្នុងទឹកដីខេត្តកំពត និងនៅមានគម្រោងជាច្រើន ដែលគ្រោងនឹងចាប់អភិវឌ្ឍន៍ជាបន្តបន្ទាប់ ៕
ដោយ៖CEN