ស្ទឹងត្រែង ៖ មន្ត្រីជលផលខេត្តស្ទឹងត្រែង បានបញ្ជូនជនសង្ស័យ ពាក់ព័ន្ធករណីបទល្មើសនេសាទឆក់ត្រី ទៅសាលាដំបូងខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០។
ជនសង្ស័យចំនួន៤នាក់ រួមទាំងវត្ថុតាងប្រព្រឹត្តបទល្មើសនេសាទ (ឧបករណ៍ឆក់) ត្រូវបានសមត្ថកិច្ចឃាត់ និងដកហូត២ករណីផ្សេងគ្នា កាលពីថ្ងៃ៣០ ខែសីហា ឆ្នាំ២០២០។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មន្ត្រីជលផល រួមសហការជាមួយ ឆ្មាំទន្លេអភិរក្សសត្វផ្សោតព្រះរំកិល វរការពារព្រំដែន នគរបាលប៉ុស្តិ៍ ប្រជាការពារ និងសហគមន៍ បានបង្ក្រាបករណីឆក់ត្រីចំនួន ២ ករណី។
ករណីទី ១ ប្រព្រឹត្តឡើងដោយឈ្មោះ ប៉ុក ធឿន ភេទប្រុស អាយុ ៤២ ឆ្នាំ និងឈ្មោះ ញ៉ាន ស៊ី ភេទប្រុស អាយុ ២៤ឆ្នាំ នៅចំណុចអូរស្ទឹងត្រែង-ព្រះវិហារ ដោយបានដកហូតនូវវត្ថុតាង រួមមាន ក្បាលឆក់ ចំនួន ១ គ្រឿង អាគុយ ចំនួន ១ គ្រឿង ម៉ូតូហុងដា Dream ឆ្នាំ ២០១២ ចំនួន ១ គ្រឿង ត្រីចម្រុះចំនួន ១០គីឡូក្រាម។
ករណីទី ២ ប្រព្រឹត្តដោយឈ្មោះ ផាត មុល ភេទប្រុស អាយុ ២៦ ឆ្នាំ និងឈ្មោះ អ៊ីន រតនា ភេទប្រុស អាយុ ២០ ឆ្នាំ នៅចំណុចអភិរក្សជលផលអាងទឹកវារីអគ្គិសនីសេសានក្រោមពីរ ដោយបានដកហូតនូវវត្ថុតាងក្បាលឆក់ ចំនួន ១ គ្រឿងដងឆក់ ចំនួន ១ គូរ អាគុយ ចំនួន ១គ្រឿង ទូកស្មាច់ប្រវែង ៦,៣ ម៉ែត្រ ចំនួន ១ គ្រឿងម៉ាស៊ីន Motoyama 18 សេស ចំនួន ១ គ្រឿង ត្រីចម្រុះចំនួន ១៥គីឡូក្រាម។
មន្ត្រីជលផល បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០៕ ដោយ៖សុខុម